(ភ្នំពេញ)៖ លោក ឈាង សុវណ្ណរតនៈ អគ្គនាយកប្រ៊ូវកាហ្វេ (អ.ធី.ខេ) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ២,៥០០ដុល្លារ ម៉ាសចំនួន ២,៥០០ម៉ាស ភេសជ្ជៈ ចំនួន ២៥០ដប និងអាកុលលាងដៃខ្នាតតូច ចំនួន២៥០ ដើម្បីជាប្រយោជន៍ក្នុងការព្យាបាលកុមារកម្ពុជា។

លោកសាស្ដ្រាចារ្យ គី សន់ទី តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងតំណាងឲ្យកុមារមានជំងឺគ្រប់ៗរូប ដែលបានទទួលការព្យាបាល នៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឈាង សុវណ្ណរតនៈ ដែលបានឧបត្ថម្ភថវិកា ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ក្នុងការព្យាបាល សង្គ្រោះជីវិតកុមារកម្ពុជា។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ គី សន់ទី បានកោតសរសើរនូវទឹកចិត្ដសប្បុរសធម៌របស់លោក ឈាង សុវណ្ណរតនៈ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គមគ្រប់កាលលៈទេសៈ ជាពិសេសក្នុងឱកាសខួបកំណើតរបស់លោកផ្ទាល់នៅថ្ងៃនេះ បានអញ្ជើញមកបរិច្ចាគថវិកា និងសម្ភារសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់មន្ទីរពេទ្យ៕