(អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសឱ្យដឹងថា លោកនឹងហ៊ុន របស់លោកមួយចំនួននៅក្នុងក្រុមហ៊ុន Tesla «ភ្លាម» បើសិនជា អង្កការសហប្រជាជាតិ (UN) អាចយកប្រាក់ ៦ពាន់លានដុល្លារអាមេរិក ទៅដោះស្រាយបញ្ហាស្រេកឃ្លាននៅជុំវិញពិភពលោកបានមែននោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកាសបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក David Beasley ប្រធានគ្រប់គ្រងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (WFP) បានថ្លែងថា «ក្រុមកំពូលមហាសេដ្ឋីពាន់លានដុល្លារទាំងនោះគួរតែចាប់ផ្តើមគិតគូរអំពីបញ្ហានេះ ជាពិសេសគឺបុរសកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon និងលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla»

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន CNN លោក David Beasley បានលើកឡើងថា «ជាក់ស្តែងណាស់ ត្រឹមតែ ២ភាគរយប៉ុណ្ណោះនៃទ្រព្យរបស់លោក Elon Musk គឺមានទឹកប្រាក់រហូតដល់ ៦ពាន់លានដុល្លារ ហើយវាគ្រប់គ្រាន់បំផុតដើម្បីយកទៅជួយដល់មនុស្សកំពុងអត់ឃ្លាទាំង ៤២លាននាក់នៅជុំវិញពិភពលោក ដែលកំពុងដាច់ពោះស្ទើរតែស្លាប់ទៅហើយ ខណៈដែលវាគឺជាដំណោះស្រាយមួយដែលមិនមែនជារឿងអ្វីដែលគួរឲ្យស្មុគ្រស្មាញនោះទេសម្រាប់ពួកមហាសេដ្ឋីទាំងនេះ»

ក្រោយពីមានការអំពាវនាវពីសំណាក់ UN លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «ប្រសិនបើ WFP អាចបង្ហាញឱ្យច្បាស់អំពីរបៀបនៃការដោះស្រាយបញ្ហាស្រេកឃ្លាននៅជុំវិញពិភពលោកជាមួយនឹងប្រាក់ ៦ពាន់លានដុល្លារអាមេរិក នោះខ្ញុំនឹង លក់ហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Tesla ហើយផ្ដល់ឱ្យ UN ភ្លាម»

ប៉ុន្តែកំពូលមហាសេដ្ឋីលេខ២លំដាប់ពិភពលោករូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា «ប៉ុន្តែត្រូវបើកចំហរជាសាធារណៈបានឃើញអំពីរបៀបនៃការចំណាយប្រាក់ទាំងនោះ»។

ក្រោយពីលោក Elon Musk បានបង្ហោះសារបែបនេះលើ Twitter រួចមក លោក David Beasley ក៏បានឆ្លើយបតនៅលើ Twitter វិញផងដែរថា «គាត់អាចធានាបាននៅចំពោះមុខកំពូលមហាសេដ្ឋី Elon Musk ថា WFP មានប្រព័ន្ធយ៉ាងតម្លាភាព និងគណនេយ្យបើកចំហរ ហើយក្រុមការងាររបស់អ្នក (Elon Musk) អាចធ្វើការងារជាមួយនឹងយើង (UN) បាន ដើម្បីបញ្ជាក់ពីទំនុកចិត្ត»

លោក David Beasley បានបន្ថែមទៀតថា «៦ពាន់លានដុល្លារអាមេរិកនឹងមិនដោះស្រាយភាពអត់ឃ្លានពិភពលោកបានទាំងស្រុងនោះទេ ប៉ុន្តែវានឹងការពារអស្ថិរភាពភូមិសាស្ត្រនយោបាយ ការធ្វើចំណាកស្រុកដ៏ធំ និងជួយសង្គ្រោះមនុស្សចំនួន ៤២ លាននាក់នៅលើគែមនៃភាពអត់ឃ្លាន។ ហើយអ្វីដែលជាបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺវិបត្តិដែលមិនធ្លាប់មានពីមុនមក ដែលកើតឡើងដោយសារតែកូវី១៩, ជម្លោះ និងការបម្រែបម្រួលការអាកាសធាតុ»

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Tesla ក្រោមការដឹកនាំរបស់លោក Elon Musk បានក្លាយជាក្រុមហ៊ុនមួយដែលមាន តម្លៃនៅលើទីផ្សាររហូតដល់ ១ពាន់ពាន់លានដុល្លារអាមេរិក ដោយបានបង្កើតប្រវត្តិសាស្ត្រថ្មី និងក្លាយជាក្រុមហ៊ុនអាមេរិកទី៦ ដែលឈាន ដល់កម្រិតមួយនេះ៕