(ក្រុងឡុងដ៍)៖ លោក Daniel Levy ប្រធានក្លិប Tottenham Hotspur រួមទាំងលោក Fabio Paratici នាយកផ្នែកកីឡាផងនោះ បានជួបទល់នឹងមុខជាមួយលោក Antonio Conte ក្នុងការពិភាក្សាយកមកជំនួសតំណែងលោក Nuno Espirito Santo ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃចន្ទម្សិលមិញ។
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥២ឆ្នាំ Conte ក៏បានជួយពិភាក្សាទល់មុខគ្នាជាមួយថ្នាក់ដឹកនាំក្លិប Spurs ហើយក៏ត្រូវបានរំពឹងថា នឹងប្រកាសជាបង្វឹកថ្មីនៃក្លិមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃអង្គារនេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅចាំបានថា លោក Conte បានទំនេរពីការងារ ក្រោយពេលលាឈប់ដឹកនាំក្លិបក្នុងស្រុក Inter Milan កាលខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីជួយក្លិបឈ្នះជើងឯកលីគកំពូលអ៉ីតាលី Serie A ឆ្នាំ២០២១ នៅពេលរង់ចាំអស់ ១១ឆ្នាំ ចំពេលដែលក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុផងនោះនៅអំឡុងកូវីដ-១៩។
Antonio Conte ក៏ធ្លាប់ធ្វើការងារនៅ Premier League បាន ២រដូវកាលផងដែរក្នុងក្លិបតោខៀវ Chelsea ជាមួយការឈ្នះពានលីគកំពូលអង់គ្លេស និងពាន FA Cup ក្នុងរដូវកាលដំបូងរបស់លោកនៅទឹកដី Stamford Bridge ក្នុងរដូវកាលដំបូងរបស់លោក មុនពេលជួបការខកចិត្តនៅរដូវកាលបន្ទាប់ និងត្រូវបានបញ្ចប់តំណែងជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៨។
គួររំលឹកផងថា កន្លងមក Spurs ក៏ធ្លាប់បានទាក់ទងលោក Conte ម្តងរួចមកហើយ តាំងពីក្រោយពេលបណ្តេញលោក Jose Mourinho ចេញពីតំណែងនារដូវកាលមុនមកម្ល៉េះ មុនពេលតែងតាំងលោក Nuno Santo ដែលទើបដឹកនាំបាន ៤ខែប៉ុណ្ណោះ៕