(យេរ៉ូសាឡឹម)៖ ជាលើកដំបូង មិនធ្លាប់មានពីមុនមក, ក្រុមបាល់ទាត់ផ្លូវការមួយ មកពីសហព័ន្ធអារ៉ាប់រួម (UAE) នឹងទៅប្រកួតនៅប្រទេសអ៊ីស្រាអ៊ែល, នេះបើតាមការឲ្យដឹង ពីសមាគមបាល់ទាត់អ៊ីស្រាអ៊ែល (IFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ របស់សហព័ន្ធអារ៉ាប់រួម នឹងចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍យុវជនរដូវរងាអន្តរជាតិប្រចាំឆ្នាំ របស់អ៊ីស្រាអ៊ែល ដែលនឹងត្រូវប្រកួត នៅចម្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខ, ដែលក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានក្រុមបាល់ទាត់យុវជនជាតិរបស់រុស្ស៊ី, អាល្លឺម៉ង់ និងអ៊ីស្រាអ៊ែលផងដែរ, នេះបើតាមការបញ្ជាក់ពី IFA។

បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខា ដោយសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអ៊ែល ក្នុងឆ្នាំ២០២០, សមាគមបាល់ទាត់សហព័ន្ធអារ៉ាប់រួម និងសមាគមបាល់ទាត់អ៊ីស្រាអ៊ែល បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ កាលពីខែធ្នូឆ្នាំមុន នៅទីក្រុង Dubai។

ប្រធានសមាគមបាល់ទាត់អ៊ីស្រាអ៊ែល លោក Oren Hasson បានលើកឡើងថា «នេះគឺជាព័ត៌មានដ៏អស្ចារ្យ, ជាលទ្ធផលនៃទំនាក់ទំនងដ៏កក់ក្តៅ និងផ្លែផ្កា រវាងសមាគមទាំងពីរ។ កីឡាបាល់ទាត់ គឺជាអត្ថន័យដ៏អស្ចារ្យ នៃការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ»