(ម៉ាទ្រីដ)៖ គ្រូបង្វឹកក្លិបបាល់ទាត់ Bayern Munich លោក Julian Nagelsmann បានលើកឡើងនៅថ្ងៃចន្ទនេះថា លោកជឿជាក់ថា លោកនឹងអាចវិលត្រឡប់ មកបំពេញការងារវិញបាន នៅក្នុងការប្រកួតរបស់ពួកគេ ក្នុងពូល E ពានរង្វាន់ Champions League ដែលត្រូវប៉ះក្រុម Benfica Lisbon នាថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីអវត្តមាន២សប្តាហ៍ ដោយសារតែឆ្លងជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក Nagelsmann បានខកខានការប្រកួតជ័យជំនះ៤-០របស់ពួកគេ លើក្រុម Benfica ក្នុងប្រទេសព័រទុយហ្គាល់ កាលពី២សប្តាហ៍មុន ព្រមទាំងការប្រកួតលីគ Champions League ទាំងអស់ និងការប្រកួតលីគ German Cup ចាប់តាំងពីលោកឆ្លងជំងឺ COVID-19 ប៉ុន្តែលោកបានប្រកាសខ្លួនឯងថា លោកអាចវិលត្រឡប់មកវិញ សម្រាប់ការប្រកួតថ្ងៃអង្គារ។
«ខ្ញុំមានសុខភាពល្អ ហើយខ្ញុំគិត និងរំពឹងថា ការធ្វើតេស្តនៅថ្ងៃស្អែក នឹងមានលទ្ធផលអវិជ្ជមាន ហើយខ្ញុំនឹងនៅទីនោះ», នេះបើតាមសម្តីលោក Nagelsmann បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ចេញពីផ្ទះរបស់លោក។
គួរជម្រាបថា Bayern មាន៩ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ខណៈ Benfica ស្ថិតនៅលំដាប់ទី២ មាន៤ពិន្ទុ។ ជាមួយគ្នានោះ ក្លិប Barcelona ឈរនៅលេខរៀងទី៣ ហើយក្លិប Dynamo Kyiv ឈរនៅលំដាប់ទី៤ មាន១ពិន្ទុ ក្នុងលីគ Champions League៕