(សៀងហៃ)៖ ការប្រកួតជម្រុះ FIFA World Cup នៅតំបន់អាស៊ី ដែលចិនត្រូវប៉ះនឹងក្រុមអូម៉ង់ និងអូស្ត្រាលី នឹងត្រូវធ្វើឡើងនៅទីក្រុង Sharjah សហព័ន្ធអារ៉ាប់រួម, នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់ចិន (CFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
CFA បានរំពឹងថា ការប្រកួតទាំងពីរ ចិននឹងធ្វើជាម្ចាស់ផ្ទះ, ប៉ុន្តែគម្រោងរបស់ពួកគេ ត្រូវបានបរាជ័យភ្លាមៗ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19។
«បន្ទាប់ពីមានការចរចា ជាមួយភាគីពាក់ព័ន្ធទាំងអស់ ហើយមានការយល់ព្រមពី AFC, ចិននឹងត្រូវប្រកួតប៉ះក្រុមអូម៉ង់ និងអូស្ត្រាលី នៅថ្ងៃទី១១ និង១៦ ខែវិច្ឆិកានេះ ដាច់ដោយឡែកពីគ្នា នៅទីក្រុង Sharjah», នេះបើតាម CFA។
«ក្រុមចិន នឹងចេញដំណើរទៅទីក្រុង Sharjah នៅថ្ងៃទី៧ ខែវិច្ឆិកា»។
ក្រុមដែលដឹកនាំដោយលោក Li Tie បានធ្វើការហ្វឹកហាត់ នៅទីក្រុង Sharjah អស់រយៈពេលជិត១ខែ មុនពេលយកឈ្នះលើក្រុមវៀតណាម៣-២ នៅទីនោះ កាលពីថ្ងៃទី៧ ខែតុលា, ជាជ័យជំនះលើកដំបូងរបស់ខ្លួន នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ វគ្គជម្រុះនៅតំបន់អាស៊ី។
ចិន បានជាប់ក្នុងពូល B នៃការប្រកួតជុំផ្តាច់ព្រ័ត្រ ជាមួយអូស្ត្រាលី, ជប៉ុន, អារ៉ាប៊ីសាអូឌីត, អូម៉ង់ និងវៀតណាម, បច្ចុប្បន្ន ស្ថិតក្នុងលេខរៀងទី៥ នៅក្នុងពូល ដោយមាន៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់៤ប្រកួត៕