(អង់គ្លេស)៖ តារាសម្តែងប្រុសល្បីឈ្មោះរបស់អាមេរិក លោក Jason Momao ជាតួឯកប្រុសក្នុងរឿង «Aquaman» ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ អំឡុងពេលថតរឿងនេះវគ្គ២ ក្នុងទឹកដីអង់គ្លេស។ ប្រការនេះ បានធ្វើឲ្យដំណើរការនៃការផលិតជួបបញ្ហា ជាពិសេសផលិតករហាក់មានការព្រួយបារម្ភ មិនអាចថតចប់តាមកាលវិភាគ ព្រោះតែត្រូវពន្យារពេលថត ដោយសារតារាសម្តែង មានវិជ្ជមានកូវីដ-១៩។
បើតាមទស្សនាវដ្តី The Sun របស់អង់គ្លេស បានរាយការណ៍ថា បន្ទាប់ពីត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ លោក Jason Momao ជាតួឯកប្រុសក្នុងរឿង «Aquaman» ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយជាសំណាងល្អលោកមិនមានស្ថានភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភឡើយ។ ផ្ទុយទៅវិញ អ្វីដែលធ្វើឲ្យគេមានការព្រួយបារម្ភនោះ គឺដំណើរការនៃការផលិតរឿង «Aquaman» វគ្គ២នេះ បានជួបបញ្ហាទាក់ទងកាលវិភាគនៃការថត ដោយសារតែការពន្យារពេល។
បើនិយាយទៅ បញ្ហាសុវត្ថិភាពចំពោះតារាសម្តែងគ្រប់រូបគឺមានសារសំខាន់ ដូច្នេះក្រុមការងារ និងអ្នកនិយមតាមដានភាពយន្តនេះ បាននាំគ្នាជូនពរឲ្យ Jason Momao ឆាប់បានជាសះស្បើយ ដើម្បីបន្តថតរឿងទៀត ព្រោះលោក គឺជាតួឯកក្នុងរឿងនេះ។
គួរជម្រាបថា រឿង «Aquaman» វគ្គ២ របស់ផលិតកម្ម DC នេះ គឺកំពុងតែថតនៅតំបន់ Hertfordshire ក្បែរទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ខណៈរឿងនេះគ្រោងបញ្ចេញនៅចុងឆ្នាំ២០២២។ ជាទូទៅ តំបន់ Hertfordshire នេះ គឺតែងតែមានការត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យក្រុមការងារថត ដូចជាតារាសម្តែងជាប្រចាំ ដើម្បីធានាសុវត្ថិភាព តែយ៉ាងណាតារាសម្តែង Jason Momao នៅតែឆ្លងជំងឺនេះ៕