(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា ក៏ដូចជាការចូលរួមជាមួយព្រះសង្ឃ និងវិស័យឯកជន ដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែង ដើម្បីចូលរួមជួយបង្កើនគុណប្រយោជន៍ក្នុងវិស័យបរិស្ថាន និងការអភិរក្សក្នុងតំបន់បេតិកភណ្ឌអង្គរផងដែរ។
ថ្លែងក្នុងពិធីនៅពេលនោះ លោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានកូនឈើប្រមាណ២លានដើមហើយដែលបានដាំ។ លោកបន្ថែមថា ចំនួននេះមិនរាប់ដើមឈើដែលអាជ្ញាធរជាតិអប្សរាបានចែកចាយដល់សាធារណជនយកទៅដាំទាំងក្នុង និងក្រៅខេត្តសៀមរាបនោះទេ។
លោកគ្គនាយកក៏បានរំលឹកពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើ ទាំងផ្នែកបរិស្ថាន និងការអភិរក្ស។ លោកពន្យល់ថា ដើមឈើតែងទទួលបាននូវភាពសំណើមខ្ពស់ ដែលវាជួយកាត់បន្ថយកម្ដៅនៅលើថ្មប្រាសាទ និងទប់ខ្យល់មិនឱ្យប៉ះពាល់ផ្ទាល់ទៅលើថ្មប្រាសាទជាដើម ដែលជួយលើការអភិរក្សមួយផ្នែកធំ។ បន្ថែមពីនេះ ដើមឈើក៏មានតួនាទីជួយស្រូបយកខ្យល់កាបូនអុកស៊ីត មិនឱ្យសាយភាយក្នុងបរិយាកាសជាដើម ដែលកាបូននោះវានឹងក្លាយជាភ្លៀងអាស៊ីត ពេលចូលទៅក្នុងបរិយាកាស។
លោកបានបន្តថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យវត្តទាំងអស់ក្នុងរមណីយដ្ឋានអង្គរមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ស័ក្ដិសមជាទីសក្ការបូជារបស់ប្រជាជនខ្មែរទាំងមូល និងចង់ឱ្យវត្តទាំងអស់ក្លាយជាគំរូដល់វត្តនៅតាមតំបន់ដទៃទៀត៕