(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះបោះសំឡេង លោក Jay-Z ត្រូវបានអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កោតសរសើរជាសាធារណៈ ពីការចេះវិវត្តន៍ខ្លួនពីប្រជាជនក្រីក្រម្នាក់ រហូតបានក្លាយជាមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារអាមេរិក។ ការសរសើររបស់លោក អូបាម៉ា ត្រូវបានធ្វើឡើង តាមរយៈចូលរួមជាផ្តល់កិត្តិយសក្នុងកម្មវិធី «Rock & Roll Hall of Fame 2021» ដែលធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តារាចម្រៀងល្បីៗជាច្រើន តារាចម្រៀងស្រី Taylor Swift, តារារ៉េប Jay-Z , តារារ៉េប Eminem, តារាចម្រៀងស្រី Jennifer Lopez រួមទាំងកំពូលតារាល្បីៗ ជាច្រើនរូបទៀត បានជួបជុំគ្នាចូលរួមក្នុងកម្មវិធី «Rock & Roll Hall of Fame 2021» ដែលបានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍កន្លងទៅនេះនៅរដ្ឋ Ohio សហរដ្ឋអាមេរិក។ កម្មវិធីផ្នែកសិល្បៈដ៏ធំរបស់អាមេរិកមួយនេះ ក៏ត្រូវបានគេដឹងថា មានការផ្តល់កិត្តិយស ចូលរួមពីសំណាក់ អតីត ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ។

លោក បារ៉ាក់ អូបាម៉ា បានចូលរួមតាមរយៈវីដេអូអនឡាញ ដែលមានរយៈពេល២៣នាទី ហើយអ្វីដែលគេកត់សម្គាល់នោះ គឺក្នុងការថ្លែងរបស់លោក អូបាម៉ា គឺលោកបានកោតសរសើរ យ៉ាងខ្លាំងចំពោះកំពូលតារារ៉េប Jay-Z វ័យ៥១ឆ្នាំ ដែលបានវិវត្តន៍ខ្លួនពីបុរសក្រីក្រម្នាក់ រហូតក្លាយជាមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ តាមរយៈការបង្កើតមុខជំនួញជាច្រើន។

គួរជម្រាបថា បើតាមគេហទំព័រ The Richest បានបង្ហាញថា តារារ៉េប Jay-Z គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺបានក្លាយជាតារារ៉េបដែលមានប្រាក់ច្រើនជាងគេបំផុតលំដាប់ទី២ នៅអាមេរិក ជាមួយទឹកប្រាក់ ១.៤ពាន់លានដុល្លារអាមេរិក ខណៈ Kenye West ឈរនៅលេខរៀងទី១ ជាមួយទឹកប្រាក់ ១.៨ពាន់លានដុល្លារអាមេរិក។

កាលពីដើមឆ្នាំ២០២១ គេសង្កេតឃើញថា លោក Jay-Z ក្តោបបានពានរង្វាន់ Grammy រហូតដល់ទៅ២២ឯណោះ និងលក់ចម្រៀងបានច្រើនជាង ១០០លាន Record ប៉ុន្តែនេះគ្រាន់តែជាចំណែកតូចមួយ នៃប្រាក់ចំណូលដែលគាត់ទទួលបានពីផលិតកម្មរបស់លោក គឺ «Roc-A-Fella»។ លោកក៏ត្រូវបានគេដឹងថា ជាស្វាមីរបស់កំពូលតារាចម្រៀង Beyonce ផងដែរ៕