(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Alibaba Group គ្រោងនឹងដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលទិន្នន័យ (Cloud) ដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ នា ឆ្នាំក្រោយ បន្ទាប់ពីតម្រូវការនៃសេវាកម្ម Cloud នៅក្នុងប្រទេសនេះមានការកើនឡើងខ្ពស់។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
ការប្រកាសនេះគឺបានបង្ហាញពីភាពប្រកូតប្រជែងទៅលើការផ្គត់ផ្គង់សេវាកម្ម Cloud នៅក្នុងប្រទេសថៃ ខណៈដែលបច្ចុប្បន្នមាន ក្រុមហ៊ុន យក្ស ចិន ចំនួនពីរគឺ Tencent មានមជ្ឈមណ្ឌលទិន្នន័យចំនួនពីរ និង Huawei មានមជ្ឈមណ្ឌលទិន្នន័យចំនួនបី ដែលកំពុងបម្រើសេវាកម្មនៅក្នុងប្រទេសថៃ។
ការចំណាយទៅលើសេវាកម្ម Cloud នៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង ៣១,៧ភាគរយ បើធៀបទៅនឹងឆ្នាំមុនដោយគិតជាទឹកប្រាក់មានចំនួន ២៦,៨ពាន់លានបាត ក្នុងឆ្នាំ២០២១នេះ ហើយអាច នឹងកើនឡើង ២៨,២ភាគរយ នៅឆ្នាំ២០២២ ដោយគិតជាទឹកប្រាក់ចំនួន ៣៤,៤ពាន់លានបាត។
លោក Tyler Qiu នាយកគ្រប់គ្រង់ Alibaba Cloud ប្រចាំប្រទេសថៃបានថ្លែងឱ្យដឹងថា «ដោយមើលឃើញពីតម្រូវការ ក៏ដូចជាការគាំទ្រដល់ ការផ្គត់ផ្គង់សេវាកម្ម Cloud ជាពិសេសគឺតម្រូវការនៃការបង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនក្នុងស្រុកក្នុងអំឡុងពេល រីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុន Alibaba Cloud គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឍមណ្ឌលទិន្នន័យដំបូងរបស់ខ្លួនក្នុងប្រទេសថៃ នៅឆ្នាំ២០២២»។
លោក Tyler Qiu បានបន្ថែមទៀតថា «យើងមិនគិតថា វាយឺតពេលក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យនេះទេ ព្រោះយើងផ្ដោតលើការ បង្កើត ប្រព័ន្ធអេកូឡូស៊ី ហើយយើងធ្វើការជាមួយនឹងដៃគូគឺសំខាន់ជាង ព្រោះថានៅពេលយើងមានដៃគូ គឺយើងមានអតិថិជន ហើយឱកាសនៃការធ្វើជំនួញគឺនៅតែមាន»។
ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ ក្រុមហ៊ុន Alibaba មិនបានប្រកាសបង្ហាញពីទំហំទឹកប្រាក់ដែលត្រូវចំណាយ និងទីតាំងនៃមជ្ឍមណ្ឌលឡើយ ខណៈដែល Alibaba បានឈានជើងចូលក្នុងប្រទេសថៃអស់រយៈពេលពីរឆ្នាំមកហើយ ដោយគិតត្រឹមពេលនេះមានដៃគូជំនួញប្រមាណ ៣០ក្រុមហ៊ុន និងអតិថិជនរាប់ពាន់នាក់៕