(ភ្នំពេញ)៖ នៅពេលដែលប្តីប្រពន្ធលែងលះគ្នា ហើយមានកូនជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) តុលាការត្រូវកំណត់អំពីអ្នកមានសិទ្ធិគ្រប់គ្រងកូន ឬអ្នកមានអំណាចមេបា។ ទន្ទឹមនឹងនោះ តុលាការក៏ត្រូវកំណត់ផងដែរអំពីសិទ្ធិរបស់អ្នកដែលពុំមានអំណាចមេបា ហៅថា «ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ»។ ហេតុដូច្នេះ ដើម្បីអាចកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនបាន តើតុលាការត្រូវសម្រេចដោយវិធីណា?

ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើអ្វីទៅជាសិទ្ធិជួបប្រាស្រ័យទាក់ទងកូន? សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

សិទ្ធិជួបប្រាស្រ័យទាក់ទងកូន គឺជាសិទ្ធិដែលត្រូវផ្តល់ឱ្យឪពុក ឬម្តាយដែលពុំមានអំណាចមេបា ឬមិនទទួលបានសិទ្ធិគ្រប់គ្រងកូនក្រោយការលែងលះ អាចធ្វើទំនាក់ទំនង ឬតាមដានស្ថានភាពរស់នៅរបស់កូនដែលត្រូវបានធានាជាអប្បបរមា ក្នុងន័យមនោសញ្ចេតនា និងក្តីស្រលាញ់របស់ឪពុក ឬម្តាយ ចំពោះកូនក្នុងទម្រង់មួយដែលមានលក្ខណៈសមស្របតាមការព្រមព្រៀងរបស់ឪពុក និងម្តាយ ឬតាមសេចក្តីសម្រេចរបស់តុលាការ។

* តើអ្នកដែលពុំមានអំណាចមេបាចំពោះកូន អាចជួបប្រាស្រ័យទាក់ទងកូនតាមវិធីណា?

តុលាការត្រូវកំណត់អំពីវិធីជួបប្រាស្រ័យទាក់ទងកូន ដែលមានភាពបត់បែនងាយស្រួលក្នុងការអនុវត្ត ហើយខ្លឹមសារនៃសេចក្តីសម្រេចមានលក្ខណៈចាប់បង្ខំ ប្រសិនបើអ្នកមានអំណាចមេបាមិនព្រមសហការ ពីព្រោះនៅក្នុងការអនុវត្តជាក់ស្តែង មានករណីជាច្រើនដែលភាគីមានអំណាចមេបាមិនសហការ បង្កផលលំបាកដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ភាគីដែលពុំមានអំណាចមេបា ហើយករណីខ្លះទៀត ឈានដល់ការដាក់សម្ពាធចំពោះកូន។

វិធីក្នុងការជួបប្រាស្រ័យទាក់ទងកូនអាចកំណត់ពី៖ (១) ចំនួនដងនៃការជួបតាមសប្តាហ៍ ឬខែ (២) រយៈពេលនៃការជួប (៣) ម៉ោងក្នុងការជួប (៤) ទីកន្លែងដែលត្រូវជួប (៥) វិធីប្រគល់កូន (៦) ថ្ងៃជំនួសក្នុងករណីកូនឈឺ ជាអាទិ៍។

ឧទាហរណ៍៖ នារី «ក» បានដាក់ពាក្យបណ្តឹងលែងលះបុរស «ខ» ពួកគេមានកូនឈ្មោះ «ឃ» អាយុ១០ឆ្នាំ។ តុលាការបានកំណត់ឱ្យនារី «ក» មានអំណាចមេបាចំពោះកូន «ឃ» ហើយបានធ្វើការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយបង្គាប់ឱ្យដើមចោទ (នារី «ក») នាំកូន «ឃ» មកឱ្យចុងចម្លើយ (បុរស«ខ») ដែលជាឪពុកជួបប្រាស្រ័យទាក់ទង ដូចខាងក្រោម ៖

១៖ ចំនួននៃការជួប៖ ក្នុងមួយសប្តាហ៍មួយដង គឺថ្ងៃអាទិត្យ។

២៖ រយៈពេលនៃការចូលជួប៖ ជួបមួយដងប្រាំពីរម៉ោង ហើយម៉ោងជាក់លាក់អាស្រ័យលើការពិភាក្សារបស់គូភាគី ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ គិតចាប់ពីម៉ោង ១០ ដល់ម៉ោង ១៧។

៣៖ វិធីប្រគល់៖ ដើមចោទប្រគល់កូនឱ្យចុងចម្លើយនៅទីកន្លែងប្រគល់ ហើយនៅពេលបញ្ចប់រយៈពេលចូលជួបចុងចម្លើយត្រូវប្រគល់កូនឱ្យដើមចោទនៅទីកន្លែងប្រគល់។ ទីកន្លែងប្រគល់អាស្រ័យលើការពិភាក្សារបស់គូភាគី ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ ទីកន្លែងប្រគល់ គឺផ្ទះរបស់ដើមចោទ ឬទីកន្លែងជាក់លាក់ណាមួយដែលផ្តល់ភាពងាយស្រួលចំពោះកូន ជាអាទិ៍។

៤៖ ថ្ងៃជំនួស៖ ក្នុងករណីមិនអាចអនុវត្តតាមការកំណត់ខាងលើនេះទេ ដោយមូលហេតុដូចជាកូនឈឺ ឬជាប់កម្មវិធីរបស់សាលា ឬដើមចោទឈឺ ឬចុងចម្លើយឈឺ ជាអាទិ៍ គូភាគីត្រូវកំណត់ផ្សេងតាមការពិភាក្សាគ្នា ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ ត្រូវយកថ្ងៃសៅរ៍នៃសប្តាហ៍នីមួយៗ។

* ក្នុងករណីអ្នកមានអំណាចមេបាមិនព្រមសហការតាមខ្លឹមសារនៃការសម្រេចខាងលើ តើត្រូវធ្វើដូចម្តេច?

ទោះបីជាពុំមានការសហការពីភាគីដែលមានអំណាចមេបាក៏ដោយ ភាគីដែលគ្មានអំណាចមេបាមិនអាចអនុវត្តសិទ្ធិដោយខ្លួនឯងបានទេ ដូចជា ការទៅយកកូនពីសាលារៀន ឬការទៅចាប់កូនមក ជាអាទិ៍ ពីព្រោះស្ថានភាពបែបនេះប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ ជាយន្តការតាមផ្លូវច្បាប់ ដោយសារសេចក្តីសម្រេចខាងលើមានលក្ខណៈជាការបញ្ជា មានអំណាចចាប់បង្ខំ ហេតុនេះភាគីដែលពុំមានអំណាចមេបាអាចទាមទារឱ្យភាគីដែលមានអំណាចមេបាអនុវត្តបាន តាមរយៈវិធានបង្ខំដោយផ្ទាល់តាមផ្លូវតុលាការ គឺស្ថាប័នអនុវត្តនឹងចុះមកអនុវត្តតាមរយៈការយកកូននោះពីអ្នកមានអំណាចមេបា មកប្រគល់ឱ្យអ្នកដែលគ្មានអំណាចមេបា ប៉ុន្តែបើការអនុវត្តបែបនេះមិនសមស្របតាមស្ថានភាពជាក់ស្តែង គឺអាចប្រើការអនុវត្តបង្ខំដោយប្រយោល (ការពិន័យជាប្រាក់ គឺធ្វើឡើងក្នុងករណីមិនអនុវត្តតាមអ្វីដែលបានកំណត់នៅក្នុងសេចក្តីសម្រេច)។ ប្រសិនបើស្ថានភាពបំពានរបស់អ្នកមានអំណាចមេបាកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កូន អ្នកដែលពុំមានអំណាចមេបាអាចសុំធ្វើការផ្លាស់ប្តូរអ្នកមានអំណាចមេបាបាន៕