(មេនឆេស្ទើ)៖ កីឡាករលំដាប់ពិភពលោក Cristiano Ronaldo បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គាត់ និងសង្សារឈ្មោះ Georgina Rodriguez ដែលជាតារាបង្ហាញម៉ូដសញ្ជាតិអេស្ប៉ាញ រង់ចាំស្វាគមន៍កូនភ្លោះ ២នាក់បន្ថែមទៀត។ នេះបើតាមការប្រកាសរបស់ ខ្សែប្រយុទ្ធព័រទុយហ្កាល់នៅលើ Instagram ដែលមានអ្នកតាមដាន ៣៦០លាននាក់ ដកស្រង់ការផ្សាយដោយសារព័ត៌មាន ESPN នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
ការប្រកាសនេះមានន័យថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ ៣៦ឆ្នាំ និងជាតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United នឹងក្លាយជាឪពុកដែលមានកូន ៦នាក់ ក្នុងនោះ Eva និង Mateo អាយុ ៤ឆ្នាំ ក៏ជាកូនភ្លោះផងដែរ។
Ronaldo បានសរសេរសារយ៉ាងដូច្នេះ «ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសទទួលបានកូនភ្លោះជាលើកទី២។ បេះដូងរបស់ពួកយើង ពោរពេញដោយក្តីស្រឡាញ់។ យើងកំពុងរង់ចាំកូនៗយ៉ាងអន្ទះសារ»។
សូមជម្រាបថា Ronaldo និង Rodriguez អាយុ ២៧ឆ្នាំ មានកូន ៣នាក់ គឺឈ្មោះ Eva និង Mateo អាយុ ៤ឆ្នាំ និង Alana អាយុ ៣ឆ្នាំ ខណៈ Ronaldo មានកូនប្រុសម្នាក់រួចទៅហើយនោះគឺ Cristiano Jr ដែលមានវ័យ ១១ឆ្នាំ៕