(កូរ៉េ)៖ ផលិតកម្មកូរ៉េខាងត្បូង YG Entertainment បានប្រកាសជាផ្លូវការ ថា តារាចម្រៀងដើមកំណើតថៃ គឺ Lalisa “Lisa” Manoban ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងល្បី BLACKPINK គឺមិនបានចូលរួមសម្តែង ក្នុងការប្រគំតន្ត្រី ក្នុងឱកាសចូលឆ្នាំសាកលនាពេលខាងមុខ ក្នុងប្រទេសថៃនោះទេ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលថៃគ្រោងចំណាយប្រាក់រាប់លានដុល្លារ ដើម្បីអញ្ជើញតារាល្បី Lisa ឲ្យមកចូលរួមប្រគំតន្ត្រីនៅថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

ផលិតកកម្ម YG បានចេញសេចក្តីប្រកាសមានខ្លឹមសារថា «ពួកយើងពិតជាអរគុណ និងមានកិត្តិយសណាស់ ដែលបានទទួលសំណើរមួយនេះ ប៉ុន្តែជាអកុសល្យ LISA នឹងមិនអាចចូលរួមព្រឹត្តិការណ៍នេះបានទេ។ ពួកយើងសង្ឃឹមថា នឹងមិនមានការភ័ន្តច្រឡំទៀតឡើយ។ សូមអរគុណ»។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មានបានចុះផ្សាយថា រដ្ឋាភិបាលថៃ គ្រោងចំណាយប្រាក់ ៣លានដុល្លារអាមេរិក ដើម្បីហៅតារា K-pop Lisa សមាជិក BLACKPINK និងលោក Andrea Bocelli មកច្រៀងសម្ដែងនៅពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល នៅលើកោះភូកេត។ តែយ៉ាងណា នៅពេលនេះត្រូវបានបញ្ជាក់ច្បាស់ហើយថា តារាចម្រៀងដើមកំណើតថៃ Lisa នឹងមិនចូលរួមនោះទេ ខណៈលោក Andrea Bocelli ដែលជាតារាចម្រៀងល្បីជើងចាស់របស់ អ៊ីតាលី បានបញ្ជាក់ថា លោកនឹងបានចូលរួម៕