(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង មានទឹកដមសំនៀងក្រអួនក្រអៅ តន់ ច័ន្ទសីម៉ា នៅក្នុងថ្ងៃចុងក្រោយ នៃឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ បានផ្ញើសារផ្ដាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ៣ការពារ» របស់ប្រមុខនៃរាជរដ្ឋាពិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមពារពារខ្លួន ពីជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលទាំងនៅក្នុងប្រទេសកម្ពុជា និងលើសកលលោក។
តន់ ច័ន្ទសីម៉ា បានបញ្ជាក់ថា ជាការពិតក្នុងឱកាសនៃពិធីបុណ្យភ្ជុំប្រពៃណីជាតិខ្មែរយើងនេះ បងប្អូនទាំងអស់បានធ្វើដំណើរទៅជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនតាមបណ្ដាខេត្តនានា។ ជាមួយគ្នានឹងការធ្វើដំណើរទៅជួបជំគ្នានេះ នាងក៏ទទូចដល់បងប្អូនទាំងអស់ មេត្តាប្រយ័ត្នប្រយែងខ្លួន និងគោរពទៅតាមវិធានការ របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញកន្លងមក និងគោលការណ៍ណែនាំផ្សេងទៀត ដើម្បីយើងចូលរួមទប់ស្កាត់ទាំងអស់គ្នា សំដៅឲ្យប្រទេសជាតិរបស់យើងវិលទៅរកភាពប្រក្រតីវិញ។
ថ្លែងប្រាប់ Fresh News Plus តន់ ច័ន្ទសីម៉ា បាននិយាយថា «ចា៎បង..! ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះ ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស សូមឲ្យគាត់ជួបតែសំណាងល្អ សុខភាពល្អ ទៅណាមកណាមានសុវត្ថិភាព ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ ទាំងអស់គ្នា..!»។
គ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra រូបនេះ បន្តទៀតថា សម្រាប់រូបនាង គឺនៅក្នុងឱកាសភ្ជុំបិណ្ឌនេះ ប្រហែលជាមិនបានទៅដើលេងកម្សាន្តទីណានោះទេ ដោយសារតែជាប់រវល់ជាមួយនឹងក្រុមហ៊ុន ដើម្បីផលិតបទចម្រៀងថ្មីៗ និងត្រៀមបញ្ចេញនៅលើទីផ្សារ ក្រោយឱកាសភ្ជុំបិណ្ឌនេះរួចរាល់។ តន់ ច័ន្ទសីម៉ា បង្ហើបថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ផលិតកម្ម Galaxy Navatra មិនបានបញ្ចេញបទចម្រៀងថ្មីៗ ដើម្បីអបអរសាទរនោះទេ ព្រោះតែបញ្ហាជំងឺកូវីដ-១៩។
តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា បានបន្ថែមទៀតថា សូមបងប្អូនដែលធ្វើដំណើរទៅកាន់ស្រុកកំណើត សូមមេត្តាប្រយ័ត្នប្រយែងឲ្យបានខ្ពស់ ដោយគោរពច្បាប់ចរាចរ ចេះអធ្យាស្រ័យឲ្យគ្នា ដើម្បីបង្កា និងទប់ស្កាត់បញ្ហាផ្សេងៗ ជាពិសេសនោះគឺកាត់បន្ថយនូវការជួបជុំគ្នា និងអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន!។
សូមបញ្ជាក់ថា ៣កុំ ៣ការពារ របស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមករួមមាន ៣កុំ គឺទី១ កុំទៅកន្លែងមានមនុស្សច្រើនកុះករ, ទី២ កុំទៅកន្លែងបិទជិត និងទី៣ កុំប៉ះពាល់គ្នា។ ចំណែក៣ការពាររួមមាន ទី១ ត្រូវលាងដៃ, ទី២ត្រូវពាក់ម៉ាស់ និងទី៣ត្រូវរក្សាគម្លាត៕