(បរទេស)៖ ខ្សែភាពយន្តដែលកំពូលតារាសម្តែងអង់គ្លេស Daniel Craig (ដានីញ៉ែល ក្រេក) សម្តែងជាតួអង្គភ្នាក់ងារសម្ងាត់ James Bond 007 ជាលើកទី៥ និងជាលើកចុងក្រោយ មានចំណងជើងថា «No Time To Die» ត្រូវបានរាយការណ៍មកថា អាចរកចំណូលក្នុងស្រុក តាមរយៈការលក់សំបុត្រចូលទស្សនាក្នុងរោងកុន រហូតដល់ទៅ១០០លានដុល្លារ ត្រឹមរយៈពេលចុងសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

បើតាមស្ថាប័នវិភាគពីប្រាក់ចំណូលខ្សែភាពយន្ត បានឲ្យដឹងថា ខ្សែភាពយន្តចុងក្រោយរបស់តារាសម្តែងអង់គ្លេស Daniel Craig (ដានីញ៉ែល ក្រេក) គឺ «No Time To Die» អាចរកប្រាក់ចំណូលពីការលក់សំបុត្រក្នុងស្រុក លើសពីការរំពឹងទុក គឺទទួលបានរហូតដល់ ១០០លានដុល្លារអាមេរិក។ ចំនួននេះ គឺជាការទទួលជោគជ័យដ៏ធំធេងមួយសម្រាប់ខ្សែភាពយន្ត ក្នុងរដូវកាលកូវីដ-១៩នេះ។

គួរជម្រាបថា ខ្សែភាពយន្តដែលចំណាយដើមទុនផលិត អស់ប្រមាណជាង២០០លានដុល្លារ «No Time To Die» បានពន្យារពេលចាក់បញ្ចាំងអស់រយៈពេល១៨ខែមកហើយ ដោយសារតែស្ថានភាពនៃវិបត្តិរាតត្បាតកូវីដ-១៩។ តែយ៉ាងណា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ គឺបានសម្រេចសម្ពោធការចាក់បញ្ចាំងជាផ្លូវការ ដោយមានការចូលពីតារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) និងតួអង្គផ្សេងទៀត ដូចជាតារាសម្ដែង Lashana Lynch (ឡាហ្សាណា ឡីនឈ៍), តារាសម្ដែង Lea Seydoux (លៀ សីដូស) និងតារាសម្ដែង Rami Malek (រ៉ាមី ម៉ាឡេក) ជាដើម។

អ្វីដែលពិសេស ភាពយន្ត «No Time To Die» គឺជាការវិលត្រឡប់មកវិញ របស់តារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ក្នុងនាមជាភ្នាក់ងារសម្ងាត់អង់គ្លេសជាលើកទី៥ ហើយក៏ជាលើកចុងក្រោយផងដែរ៕