(ភ្នំពេញ)៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើការអំពាវនាវជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្លួន ពេលធ្វើដំណើរក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្យនេះ ជៀសវៀងមានបញ្ហាដល់ខ្លួនឯង គ្រួសារ និងអ្នកដទៃ ដែលជាអ្នកដំណើរដូចគ្នា។ ពិសេសពេលពេលធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីកម្សាន្តសប្បាយ លក្ខណៈគ្រួសារ នាឱកាសនៃពិធីបុណ្យប្រពៃណីជាតិនេះ។

តារាចម្រៀង ដែលនូវតែរក្សាបានកេរ្តិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិត ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនយើងនឹងមានដំណើរ ទៅលេងស្រុកកំណើត មិនថាទីជិត ឬទីឆ្ងាយ សូមបងប្អូនមេត្តាចូលរួមគោរពនូវច្បាប់ចរាចរទាំងអស់គ្នា បើកបរត្រូវបានការយោគយល់គ្នាខ្ពស់ ព្រោះសុទ្ធតែជាខ្មែរដូចគ្នា ចង់ឃើញស្នាមញញឹមគ្រប់ៗគ្នា ពេលបានទៅដល់ស្រុកកំណើត។ លោកបន្តថា ការគោរពគ្នាទៅវិញទៅមក នៅលើដងផ្លូវ ជាពិសេសការបើកបរនេះ គឺបង្ហាញឲ្យឃើញពីអត្តចរិត ក្នុងនាមយើងជាខ្មែរដូចគ្នា ចេះជួយគ្នា និងមានសមាណចិត្តស្រឡាញ់រាប់អានគ្នា គ្រប់កាលៈទេសៈ។

លោក ព្រាប សុវត្ថិ និយាយថា «បាទ! ក្នុងឱកាសនេះ ខ្ញុំបាទសូមក្រើនរំឭកដល់បងប្អូនខ្មែរគ្រប់រូប មេត្តាចូលរួមគោរពច្បាប់ចរាចរ ឲ្យបានខ្ជាប់ខ្ជួនពេលធ្វើដំណើរតាមដងផ្លូវ ជាពិសេសឱកាសទៅលេងស្រុកកំណើតនាពេលនេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវមានការយោគយល់គ្នា ដើម្បីកុំឲ្យមានបញ្ហាដល់អ្នកដទៃ និងខ្លួនឯង។ ម្យ៉ាងវិញទៀត ខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់ សូមមានក្ដីសុខ ក្ដីចម្រើនគ្រប់ក្រុមគ្រួសារ ប្រកបតែនឹងសុវត្ថិភាព ហើយកុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ និងគោរពតាមការវិធានការរដ្ឋបាល និងក្រសួងពាក់ព័ន្ធ ដើម្បីជៀសផុត និងកាត់ផ្ដាច់ការចម្លង ឲ្យបានជោគជ័យ..»

តារាចម្រៀងសំនៀងក្រអួនលោក ព្រាប សុវត្ថិ បានបន្ថែមទៀតថា សម្រាប់ក្រុមគ្រួសាររបស់លោក ហាក់ដូចជាពុំមានគម្រោងនឹងត្រូវដើរកម្សាន្ត ទៅទីតំបន់ណានោះឡើយ គឺជួបជុំគ្នានៅផ្ទះលក្ខណៈគ្រួសារតែប៉ុណ្ណោះ ព្រោះយើងត្រូវចូលរួមអនុវត្តន៍នូវវិធានការនានា ដែលបានដាក់ចេញ ដើម្បីការពារកុំឲ្យមានការរីករាលដាល នូវជំងឺកូវីដ-១៩ និងកាត់ផ្ដាច់ការចំឡងនេះឲ្យបានជោគជ័យ៕