(តូរីន)៖ អេស្ប៉ាញ ដែលជាអតីតម្ចាស់ជើងឯកអឺរ៉ុប UEFA Euro ២សម័យកាលផងនោះ ទើបតែចាញ់អាសូរីអ៉ីតាលី ៤-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីក្នុង Euro 2020 ថ្មីៗនេះ ត្រូវជួបគ្នាម្តងទៀតក្នុងវគ្គ ៤ក្រុមចុងក្រោយនៃពាន UEFA Nations League យប់នេះបន្តទៀត។

រវាងអ៉ីតាលី និងគោជល់អេស្ប៉ាញ ធ្លាប់មានប្រវត្តិជួបគ្នា ៣២ដងមកហើយ ដោយក្នុងនោះដែរ អេស្ប៉ាញធ្លាប់ឈ្នះ ១២ដង ស្មើ ១២ដងដូចគ្នា និងចាញ់តែ ១០ដងប៉ុណ្ណោះ តែពួកគេមានស្ថិតិប្រហាក់ប្រហែលគ្នាក្នុងប្រកួតពានសំខាន់ៗមានដូចគ្នាពាន World Cup និង UEFA European Championship ជាដើម។

ការប្រកួតរវាងក្រុមខ្លាំងនៅអឺរ៉ុបទាំងពីរខាងលើនេះ នឹងធ្វើឡើងនៅទឹកដីនៃកីឡដ្ឋាន San Siro របស់ក្លិប AC Milan នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ដើម្បីកាត់ក្តៅរកក្រុមជើងខ្លាំងឡើងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ មុនពេលប៊ែលហ្សិក ត្រូវស្វាគមន៍បារាំងនារាត្រីស្អែកនេះ ក្នុងការបញ្ចប់វគ្គពាក់កណ្តាលនៅ Nations League រដូវកាលឆ្នាំ២០២០-២០២១ ផងដែរ។

អ៉ីតាលី ដែលជាអតីតម្ចាស់ជើងឯក FIFA World Cup ៤សម័យស្មើនឹងឥន្រ្ទីដែកអាល្លឹម៉ង់ផងដែរ ពុំទាន់លេងចាញ់ប្រកួតណាមួយឡើយជិត ៤០ប្រកួតមកនេះ ស្ថិតក្រោមការបង្វឹករបស់លោក Roberto Mancini និងទើបតែឈ្នះពានអឺរ៉ុប Euro 2020 នាខែកក្កដា ឆ្នាំ២០២១ ផងដែរ នៅពេលផ្តួលម្ចាស់ផ្ទះអង់គ្លេសដោយបាល់ ១១ម៉ែត្រកាត់សេចក្តីក្នុងលទ្ធផល ៣-២ នាកីឡដ្ឋាន Wembley៕