(បរទេស)៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក គឺ Billboard បានបញ្ចេញលទ្ធផលថ្មីមួយ បង្ហាញថាចម្រៀងថ្មីចំណងជើងថា «My Universe» ដែលក្រុមល្បីរបស់ K-POP គឺ BTS សហការច្រៀងជាមួយក្រុមចម្រៀងអង់គ្លេស Coldplay គឺហក់ដល់ចំណាត់ថ្នាក់កំពូលលេខ១ លើតារាចម្រៀង Billboard Hot 100។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

ចម្រៀងថ្មី «My Universe» ដែលក្រុមល្បីសហការច្រៀងជាមួយគ្នាពេលនេះ ត្រូវបានគេដឹងថា ក្លាយជាចម្រៀងដែលមានការពេញនិយមស្តាប់បំផុតនៅសហរដ្ឋអាមេរិក។ បទនេះឡើងទៅបានឈរនៅលំដាប់កំពូលដោយមានអ្នកទស្សនាចំនួន ១១.៥ លាននាក់នៅសហរដ្ឋអាមេរិក, ទទួលបានការចាប់អារម្មណ៍ស្តាប់ក្នុងវិទ្យុរហូតដល់ ៥.៥លាននាក់, និងមានការ Downloads ចំនួន ១២៧,០០០ដងផងដែរ។

គួរបញ្ជាក់ថា «My Universe» ក្លាយជាចម្រៀងទី៦ហើយ របស់ក្រុមចម្រៀង BTS ដែលបានឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាង Billboard Hot 100 របស់អាមេរិក ខណៈបទចម្រៀងកន្លងមក ដែលធ្លាប់ទទួលបានកំណត់ត្រានេះ គឺមានដូចជាង «Dynamite», បទ « Savage Love», បទ «Life Goes On», បទ «Butter» និងបទ «Permission to Dance» ជាដើម៕