(លីវើភូល)៖ លោក Chris Sutton អតីតខ្សែប្រយុទ្ធក្លិប Blackburn Rovers បានលើកឡើងថា Mohamed Salah របស់ Liverpool បច្ចុប្បន្ននេះ ជាកីឡាករល្អជាងគេលើលោក នាំមុខ Lionel Messi របស់ Paris Saint-Germain និង Cristiano Ronaldo របស់ Manchester United ទៅទៀត។
ដូចគ្នានោះដែរ អតីតខ្សែប្រយុទ្ធអង់គ្លេស Alan Shearer ក៏បានលើកឡើងស្រដៀងគ្នានេះដែរ «១គ្រាប់របស់ Salah ពេលស្មើទល់នឹង Manchester City នៅ Premier League សបញ្ជាក់ថា ជាគ្រាប់បាល់ល្អបំផុតនៅលីគអង់គ្លេសមិនធ្លាប់មានពីមុនមកផងដែរ»។
ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប វ័យ ២៩ឆ្នាំ Salah រកបាន ៩គ្រាប់នៅ Premier League រដូវកាលនេះ ពីការបង្ហាញខ្លួនបាន ៩លើកដូចគ្នា ជាហេតុធ្វើឲ្យ Sutton ថ្លែងប្រាប់ BBC ថា «Salah បច្ចុប្បន្ននេះល្អជាង Ronaldo និង Messi ទៅទៀត!»។
សូមរំលឹកផងថា Mohamed Salah បានស៊ុតគ្រាប់ទី១០០ ឲ្យក្លិបហង្សក្រហម Liverpool កាលខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ហើយក៏ជាអ្នករកគ្រាប់នាំមុខលើកទី២ នៅប្រកួតដែលស្មើ ២-២ នៅទឹកដី Anfield កាលពីរាត្រីថ្ងៃអាទិត្យផងដែរ ពេលប៉ះក្រុមការពារតំណែងជើងឯក Man City៕