(វីឡារៀល)៖ អតីតខ្សែការពាររបស់ក្លិប Tottenham Hotspur កីឡាករ Serge Aurier បានចូលរួមជាមួយក្លិប Villarreal, នេះបើតាមការបញ្ជាក់ពីក្លិបរបស់អេស្ប៉ាញ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។

Aurier បានក្លាយជាកីឡាករ ពុំស្ថិតនៅក្រោមក្លិបណាមួយនោះទេ (Free agent) បន្ទាប់ពីចាកចេញពីក្លិប Spurs កាលពីខែមុន។ លោកបានចុះកិច្ចសន្យារយៈពេល១ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម២ឆ្នាំទៀត ក្នុងការលេងនៅក្លិប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Unai Emery នេះ។

«បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាព និងចុះកិច្ចសន្យា ជាមួយក្លិប Villarreal, លោក Aurier នឹងចេញដំណើរទៅធ្វើជាតំណាង ឱ្យក្រុមជម្រើសជាតិកូតឌីវ័រ ក្នុងការប្រកួតជម្រុះ World Cup ចំនួនពីរប្រកួត», នេះបើតាមក្លិបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«ខ្សែការពាររូបនេះ នឹងចូលរួមជាមួយក្លិប បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ ហើយនឹងលេងជាផ្លូវការ ក្នុងនាមជាកីឡាករថ្មីរបស់ក្លិបពណ៌លឿង (Villarreal) នៅពេលដែលលោក វិលត្រឡប់មកកាន់អេស្ប៉ាញវិញ»

គួរបញ្ជាក់ថា កីឡាករវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួន១១០ប្រកួតឲ្យក្លិប Spurs នៅអង់គ្លេស, ដោយបានចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្រោយចាកចេញពីក្លិបបារាំង Paris St Germain, ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់លីគ Ligue 1 ចំនួន២គ្រឿង៕