(ប៉េកាំង)៖ ព្រឹត្តិការណ៍សាកល្បង នឹងត្រូវរៀបចំឡើង មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប៉េកាំងរដូវរងា ឆ្នាំ២០២២ (Beijing 2022 Olympic and Paralympic Winter Games) ហើយវិញ្ញាសាមួយចំនួន នឹងត្រូវបើកឲ្យអ្នកគាំទ្រ ចូលរួមទស្សនា, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃតី៤ ខែតុលា ឆ្នាំ២០២១នេះ។

ចាប់ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ, ការប្រកួតអន្តរជាតិចំនួន១០វិញ្ញាសា, ការហ្វឹកហាត់៣សប្តាហ៍ និងសាកល្បងក្នុងស្រុកចំនួន២ នឹងត្រូវរៀបចំឡើង ដើម្បីសាកល្បងនូវធាតុផ្សំទាំងអស់ នៃការប្រកួតកីឡា នៅក្នុងតំបន់ប្រកួតប្រជែងចំនួន៣ គឺទីក្រុង Beijing, Yanqing និងទីក្រុ Zhangjiakou។

ជាការប៉ាន់ស្មាន មានអត្តពលិក, មន្ត្រី, មន្ត្រីបច្ចេកទេស, បុគ្គលិក និងអ្នកជំនាញ ប្រមាណ២,០០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍សាកល្បងនេះ ហើយពួកគេនឹងស្ថិតនៅក្រោម ការគ្រប់គ្រងយ៉ាងជិតស្និទ្ធ នៅពេលទៅដល់ប្រទេសចិន ជាមួយនឹងគោលនយោបាយរៀងៗខ្លួន សម្រាប់ទីកន្លែងផ្សេងៗគ្នា, នេះបើយោងតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា Olympic Winter Games Beijing នឹងធ្វើឡើងចម្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ, ខណៈព្រឹត្តិការណ៍ Paralympic Winter Games នឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២៕