(ម៉ាឌ្រីដ)៖ ក្លិបអេស្ប៉ាញ Real Madrid នៅតែឈរកំពូលតារាងដោយមាន ១៧ពិន្ទុ ស្មើជាមួយក្លិប Atletico Madrid និង Real Sociedad នៅលីគ La Liga 2021-22 ដ្បិតក្លិបលោក Carlo Ancelotti បានចាញ់ក្រុម Espanyol ២-១ ប្រចាំសប្តាហ៍ទី៨ ដែលនេះមានរយៈពេល ៨ថ្ងៃដែល Real Madrid នៅតែមិនទាន់រកបានជ័យជម្នះមកវិញ បន្ទាប់ពីយកឈ្នះ ៦-១ លើក្រុម Mallorca សម្រាប់ជើងទី១។
ក្នុងជំនួបនោះ Espanyol រកបាន ២គ្រាប់ដោយការស៊ុតពី Raul de Tomas និង Aleix Vidal ខណៈគូប្រជែង Real Madrid រកបានដោយ Karim Benzema នៅនាទី៧១ ហើយរូបគេក៏កំពុងរកបាន ៩គ្រាប់ច្រើនជាងគេបណ្តោះអាសន្នផងដែរនៅរដូវកាលនេះ ដែលបច្ចុប្បន្នក្លិប Espanyol ដែលដឹកនាំដោយលោក Vicente Moreno មានត្រឹម ៩ពិន្ទុ ឈរលេខ១៣ ក្នុងតារាងពិន្ទុ ដោយត្រូវជួប Cadiz នៅសប្តាហ៍ទី៩ បន្តទៀត។
នេះជាចាញ់លើកទី៣ប្រកួតចុងក្រោយរបស់ក្លិប Real Madrid បន្ទាប់ពីបានស្មើគ្មានគ្រាប់ស៊ុតជាមួយក្លិប Villarreal និងចាញ់ ២-១ ជាមួយក្រុម Sheriff នៅលីគ UCL ហើយតាមរយៈលទ្ធផលនេះ បានក្លាយជាវិបត្តិយ៉ាងខ្លាំងចំពោះលោក Carlo Ancelotti ដែលត្រូវដោះស្រាយឲ្យបានលឿនបំផុត មុនពេលជំនួបក្តៅ ខ្លាំងប៉ះខ្លាំង (El Clasico) នៅលីគអេស្ប៉ាញ ប៉ះជាមួយ FC Barcelona ដែលជាក្រុមជួបវិបត្តិធ្ងន់ធ្ងររដូវកាលនេះ៕