(ភ្នំពេញ)៖ ដោយសារការរាតត្បាតជំងឺកូវីដ១៩ លើសកលលោក មិនទាន់មានភាពស្ថានភាពធូរស្រាល បានប៉ះពាល់លើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល។ ដូច្នេះអង្គការម៉ារីស្ដូបអន្ដរជាតិកម្ពុជា បានណែនាំសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាអនឡាញ ដើម្បីផ្តល់សេវាការថែទាំសុខភាព និងជាវិធីសាស្រ្តថ្មីដែលអតិថិជនអាចទទួលបានសេវាសុខភាព ជាពិសេសសម្រាប់អ្នកដែលជួបប្រទះបញ្ហារារាំងផ្នែកភូមិសាស្រ្ត ឬបញ្ហារារាំងផ្សេងៗក្នុងការមកទទួលសេវា ក៏ដូចជាការរឹតបណ្តឹងរបស់ក្រសួងសុខាភិបាល។

សេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល គឺជាសេវាដែលលើកទឹកចិត្តដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តដោយអ្នកផ្តល់សេវាសុខភាព ដើម្បីកាត់បន្ថយហានិភ័យសុខភាព នៅអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩។

ដោយដឹងពីហានិភ័យបន្ថែមដែលប្រជាជនជួបប្រទះក្នុងការទទួលសេវារំលូតដោយមិនមានសុវត្ថិភាព និងសារៈប្រយោជន៍នៃសេវារំលូតដោយសុវត្ថិភាព អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា នឹងចាប់ផ្តើមអនុវត្តសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល ជាពិសេសការរំលូតដោយប្រើឱសថ សម្រាប់ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ចាប់ផ្តើមពីថ្ងៃចុងខែកញ្ញា ឆ្នាំ២០២១តទៅ។ អង្គការមួយនេះ ក៏នឹងពិចារណាក្នុងការពង្រីកសេវាបន្ថែម និងទីតាំងផ្សេងទៀតនៅពេលអនាគត។

តាមរយៈសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល ស្រ្តីនឹងទទួលការប្រឹក្សាដើម្បីវិភាគលក្ខខណ្ឌ សម្រាប់ការទទួលសេវារំលូតដោយឱសថ ហើយប្រសិនបើស្របតាមលក្ខខណ្ឌគ្រប់គ្រាន់ ពួកគាត់នឹងត្រូវបានណែនាំពីវិធីសាស្រ្តក្នុងការប្រើប្រាស់ឱសថរំលូតដោយខ្លួនឯង តាមរយៈអ្នកជំនាញសុខាភិបាល។ បន្ទាប់ពីបានផ្តល់សេវាប្រឹក្សារួចហើយ ឱសថរំលូតដែលមានគុណភាព នឹងត្រូវបានដឹកជញ្ជូនទៅទីតាំងរបស់អតិថិជន។

បន្ថែមពីនេះ អតិថិជនដែលទទួលសេវាឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល របស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា នឹងទទួលបានការប្រឹក្សាពីសេវាពន្យារកំណើត និងត្រូវបានផ្តល់ជូននូវវិធីសាស្រ្តពន្យារកំណើតរយៈពេលខ្លី តាមជម្រើសរបស់គាត់ដែលអាចប្រើប្រាស់ដោយខ្លួនឯងបាន ក៏ដូចជាប័ណ្ណបញ្ចុះតម្លៃ សម្រាប់សេវាពន្យារកំណើតរយៈពេលវែង នៅគ្លីនិកម៉ារីស្តូបអន្តរជាតិកម្ពុជា។ អតិថិជននឹងទទួលបានការទូរស័ព្ទតាមដាន បន្ទាប់ពីទទួលសេវាដើម្បីពិនិត្យសុខភាព ហើយប្រសិនបើចាំបាច់ នឹងទទួលបានការថែទាំបន្ថែម។

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា នឹងអនុវត្តតាមគោលការណ៍របស់ MSI សកល និងជាតិ ដើម្បីធានាថា សេវារំលូតតាមឱសថទទួលបានសុវត្ថិភាព និងដើម្បីការពារសុវត្ថិភាពដល់អតិថិជន។ ប្រសិនបើអតិថិជនមានសំណួរ ឬការព្រួយបារម្ភណាមួយពីដំណើរការ អ្នកប្រឹក្សាជាមួយអង្គការនេះបាន ឬការណែនាំបន្ថែមផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែម ពីសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល សូមទំនាក់ទំនងមកយើងតាមរយៈលេខ៖ ០១២ ៩៩៩ ០០២ ឬ០៩៨ ៩៩៩ ១០២ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័រ www.mariestopes.org.kh

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាអ្នកនាំមុខក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងបន្តពូជនៅប្រទេសកម្ពុជា ដែលមានឯកទេសខាងផ្នែករំលូតដោយសុវត្ថិភាព និងពន្យារកំណើត។ ផ្តល់សេវាតាមគ្លីនិកទាំង៧ (សែនសុខ ច្បារអំពៅ តាមខ្មៅ បាត់ដំបង សៀមរាប កំពង់ធំ និងស្វាយរៀង) និងតាមរយៈឆ្មប និងពេទ្យចំនួន១៤០ នៅវិស័យឯកជន។ នៅខែកញ្ញា ឆ្នាំ២០២១ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាចាប់ផ្តើមផ្តល់សេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនបានទទួលលសេវាដែលមានគុណភាព នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាផ្នែកមួយនៃ MSI Reproductive Choices៕