(អាមេរិក)៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន Zoom បានប្រកាសថាខ្លួននឹងទិញយកក្រុមហ៊ុនបង្កើតកម្មវិធី Contact Center មួយដែលមានឈ្មោះថា Five9 ក្នុងតម្លៃរហូតដល់ ១៤,៧ពាន់លានដុល្លារ ប៉ុន្តែនៅពេលនេះត្រូវបានម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Five9 ច្រានចោលសំណើទិញរបស់ Zoom។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីខែកក្កដាកន្លងទៅនេះក្រុមហ៊ុន Zoom បានប្រកាសផ្ដល់ប្រាក់ ១៤,៧ពាន់លានដុល្លារអាមេរិកទិញយកភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន Five9 ដែលវាជាការទិញលក់មួយ ក្នុង តម្លៃខ្ពស់បំផុត លំដាប់ទី២នៅក្នុងឆ្នាំ២០២១នេះ។

ដោយឡែកនៅថ្ងៃនេះ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Five9 បានច្រានចោលសំណើរបស់ក្រុមហ៊ុន Zoom ដែលចង់ទិញភាគហ៊ុនទាំងអស់ របស់ Five9។

កាលពីដើមសប្ដាហ៍នេះផងដែរ ក្រសួងយុត្តិធម៌អាមេរិក បានពិនិត្យមើលកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុន Zoom និង Five9 ដោយការព្រួយបារម្ភអំពីសក្តានុពល ក្រោយពីកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង ខណៈដែល សំណើនៃការទិញលក់នេះក៏ត្រូវបានផ្ញើទៅគណៈកម្មការទំនាក់ទំនងសហព័ន្ធផងដែរ។

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Five9 បាននិយាយថា ពួកគេមិនពេញចិត្តនឹងតម្លៃដែលផ្ដល់ដោយក្រុមហ៊ុន Zoom នោះទេ ហើយអ្វីដែល Zoom ផ្ដល់ជូននោះគឺសាកសមនឹងទទួលបានត្រឹមតែ ១៣ភាគរយប៉ុណ្ណោះនៃភាគហ៊ុនសរុប។

គួរបញ្ជាក់ផងដែរថា ក្រោយពីសំណើទិញមួយនេះត្រូវបានច្រាន បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Zoom ធ្លាក់ចុះ ២៨ភាគរយ និងភាគហ៊ុន របស់ Five9 ធ្លាក់ចុះ ១១ភាគរយភ្លាមៗផងដែរ៕