(ពោធិ៍សាត់)៖ ស្រុកវាលវែង នាពេលបច្ចុប្បន្ននេះ មានតំបន់ទេសចរណ៍កាន់តែសម្បូរបែបច្រើនណាស់ ហើយប្រសិនបើបានមកលេងស្រុកទេសចរណ៍ដ៏ល្បីមួយនេះ សូមកុំភ្លេចមកទស្សនារមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច។ ទឹកធ្លាក់ថ្មដាតូច គឺជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ចេញដំណើរពីទីរួមខេត្តពោធិ៍សាត់ ភ្ញៀវទេសចរនឹងបានឆ្លងកាត់តំបន់ភ្នំ១៥០០ ដែលជាទីសំចតគយគន់វិថីបត់បែនលូនកាត់បុព្វតា ក៏ដូចជាទេសភាពបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល ញ៉ាំងឱ្យដំណើរទេសចរណ៍នៅស្រុកវាលវែងនេះ សន្សំបាននូវសុវត្ថិសួស្ដីផ្គាប់ផ្គន់ចិន្តា។

បន្តដំណើរប្រមាណជាង ៣០ គីឡូម៉ែត្រទៅមុខទៀត ភ្ញៀវទេសចរក៏បានមកដល់ទីជលដ្ឋានមួយ ដែលស្ថិតនៅជិតក្បែរផ្លូវជាតិលេខ ៥៥ នោះតែម្ដង, ទីនេះហើយដែលអ្នកស្រុកហៅថា ទឹកធ្លាក់ថ្មដាតូច។

គ្រាន់តែទៅដល់ភ្លាម សូរសំឡេងទឹកធ្លាក់ក៏ចាប់បន្លឺឡើងរំពងព្រឹកព្រៃ រីឯបរិស្ថាននៅតំបន់នេះទៀតសោត ក៏រឹតតែស្រស់ស្រាយបរិសុទ្ធគ្មានអ្វីរំខាន។ ទឹកហូររ៉ឹមៗលើផែនថ្មដា ជ្រែកកាត់ជ្រលងគិរីដ៏វែងអន្លាយ រំលេចបាននូវទស្សនីយភាពល្អគាប់នេត្រា។

លុះវេលាប្រភាតឈានចូលមកដល់ បរិយាកាសនៅទីនោះក៏ប្រែចុះត្រជាក់គួរជាទីសោមនស្ស ហើយជម្រើសពិសេសសម្រាប់ការស្នាក់នៅនាពេលយប់ គឺការសម្រាកក្នុងតង់សុខសាន្ត។

អាកាសធាតុនៅពេលព្រឹក គឺពិតជាត្រជាក់ត្រជុំល្អណាស់ ព្រោះជាតំបន់ព្រៃភ្នំធម្មជាតិដ៏សែនធំធេងដាច់កន្ទុយភ្នែក។ ភ្ញៀវទេសចរក៏អាចបន្ថែមរសជាតិមួយបែបផ្សេងទៀត ជាមួយនឹងការមុជទឹកកម្សាន្តនៅតាមទឹកអូរ ជួញបាននូវភាពរីករាយថែមមួយអន្លើ។ ក្រៅពីនេះ ទេសចរយើងក៏អាចការជិះទូកកាយ៉ាកនៅកណ្ដាលអន្លង់ទឹកមួយ ដែលកើតពីទឹកជ្រោះកម្ពស់ប្រមាណ ១០ ម៉ែត្រ៕

* កម្មវិធី «ដំណើរខ្ញុំ» នាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍កម្សាន្តដ៏សម្បូរបែប និងជាទីគយគន់!

សូមទស្សនាវីដេអូទេសចរណ៍នៅទឹកធ្លាក់ថ្មដាតូច ដែលផលិតដោយ Fresh Studio ក្នុងកម្មវិធី «ដំណើរខ្ញុំ» វគ្គ៤៖