(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសបើកផ្លូវការនូវកម្មវិធីសប្បុរសធម៌របស់ខ្លួន ដើម្បីបរិច្ចាគថវិកាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់ការព្យាបាល ដល់កុមារកម្ពុជាដោយពុំគិតថ្លៃ។ ក្នុងនោះ៨០ភាគរយ នៃអ្នកជំងឺនៃមន្ទីរពេទ្យកុមារមួយនេះ មកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង១ដុល្លារក្នុងមួយថ្ងៃ។

យុទ្ធនាការ «រត់ ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា» ជាកិច្ចសហការរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមរត់ខេខេអស៊ី ដោយមានការចូលរួមសហការឧបត្ថមដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវីង និង ក្រុមហ៊ុនស្បែកជើង Skechers ។
កម្មវិធីនេះរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែតុលា ឆ្នាំ២០២១ ដោយកំណត់ថា រាល់១គីឡូម៉ែត្រ ដែលអ្នកចូលរួមបានរត់ ឬដើរ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងបរិច្ចាគទឹកប្រាក់១,០០០ រៀល (០.២៥ដុល្លារ) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីដ៏សំខាន់មួយនេះ គឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់ចូលរួម។

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានការទទួលខុសត្រូវខ្ពស់ ការគាំទ្រដល់កិច្ចការសហគមន៍ ជាចំណុចស្នូលនៃប្រតិបត្តិការអាជីវកម្ម។ សំខាន់ជាងនេះទៀត យើងចង់ផ្សព្វផ្សាយពីសារៈសំខាន់ នៃការហាត់ប្រាណជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានា ដែលកើតមានក្នុងជីវភាពប្រចាំថ្ងៃ»

លោកបានបន្ថែមថា កម្មវិធី «រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា» នឹងចូលរួមជួយលើកកម្ពស់ការថែទាំសុខភាពផង និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការដ៏មានសារៈសំខាន់ ចំពោះប្រទេសកម្ពុជា តាមរយៈថវិកាដែលប្រមូលបាន។

លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «ក្នុងនាមធនាគារអេស៊ីលីដា ពិតជារីករាយណាស់ដែលអាចចូលរួមគាំទ្រគំនិតផ្តួចផ្តើមសប្បុរសធម៌នេះ ហើយយើងនឹងទន្ទឹងរង់ចាំការចូលរួមពីបុគ្គលិក និងអតិថិជនរបស់យើងផងដែរ»។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក ថ្លែងថា «ធនាគារវីងមានក្តីសោមនស្សរីករាយដែលបានចូលរួម ក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ ដែលនឹងជួយគាំទ្រ ដល់តម្រូវការហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ការថែទាំសុខភាព ដោយឥតគិតថ្លៃដល់កុមារដែលត្រូវការជួយសង្រ្គោះបំផុត និងដោយគ្មានការរើសអើងនោះឡើយ»

លោកបានបន្ថែមថា នៅពេលដែលលោកអ្នករត់ជាមួយកម្មវិធី របស់ក្រុមហ៊ុនព្រូដិនសលដែលគាំទ្រ ដោយធនាគារវីង និងស្ថាប័នដទៃទៀត នោះលោកអ្នកក៏បានកំពុងរួមចំណែក ដល់ប្រតិបត្តិការដ៏សំខាន់របស់មន្ទីរពេទ្យគន្ធបុប្ផា។

លោក គីម កុក ប្រធានក្រុមរត់ KKRC បានថ្លែងថា «នៅក្រុមរត់ KKRC តែងតែលើកកម្ពស់សុខភាព និងកាយសម្បទាសម្រាប់ខ្លួនឯងតាមរយៈកីឡា ពួកយើងរីករាយការសហការ ជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជា លើគំនិតផ្តួចផ្តើមនេះ ព្រោះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់អ្នករត់ឬដើរទេតែថែមទាំងបានជួយ ដល់សង្គមកម្ពុជាទៀតផង សូមកុំចាំដល់អ្នកឈឺ ទើបចាប់ផ្តើមហាត់ប្រាណ»

សូមជម្រាបថា ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវចុះឈ្មោះ តាមរយៈកម្មវិធី Strava.Com មានក្លឹបឈ្មោះថា រត់ ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា (Run-Walk with Prudential) ចាប់ពីថ្ងៃទី១ ដល់៣១ ខែតុលា ឆ្នាំ២០២១។ អ្នកអាចចូលរួមក្លឹបនេះបាន តាមរយៈតំណភ្ជាប់នេះ https://bit.ly/3zQv7ms

សូមជម្រាបថា ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពី សេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគត៕