(ដូហា)៖ ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One Grand Prix នៅខែវិច្ឆិកាខាងមុខ ជំនួសឲ្យព្រឹត្តិការណ៍ Grand Prix នៅអូស្ត្រាលី ដែលត្រូវបានលុបចោល, នេះបើតាមការប្រកាសពី អ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ការប្រណាំងនេះ នឹងធ្វើឡើងនៅទីលាន Losail International Circuit ភាគខាងជើងទីក្រុង Doha នៅថ្ងៃទី២១ ខែវិច្ឆិកា ខណៈដែលវានឹងត្រូវបានបន្ត ដោយការប្រណាំង នៅអារ៉ាប៊ីសាអូឌីត និងព្រឹត្តិការណ៍ Abu Dhabi Grand Prix ដែលជាការប្រកួតបិទបញ្ចប់រដូវកាល។
ប្រទេសកាតា ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតប្រណាំងរថយន្ត Formula One ចាប់ពីឆ្នាំ២០២៣ផងដែរ។
គួរជម្រាបថា ព្រឹត្តិការណ៍ Grand Prix នៅអូស្ត្រាលី, ដែលពីដើមឡើយ ជាការប្រកួតបើករដូវកាលនោះ, ត្រូវបានប្តូរទៅប្រកួតនៅចុងបញ្ចប់រដូវកាលវិញ ដើម្បីធានាថាវាអាចធ្វើទៅបាន ក្នុងពេលវិធានការរឹតត្បិត COVID-19 មានកម្រិតស្រាល។ ប៉ុន្តែទោះយ៉ាងណាក្តី, ព្រឹត្តិការណ៍នេះ ត្រូវបានលុបចោល ជាឆ្នាំទី២ជាប់គ្នា។
«យើងពិតជារីករាយ ក្នុងការស្វាគមន៍កាតា មកកាន់ប្រតិទិនប្រកួត Formula 1 ក្នុងរដូវកាលនេះ ហើយសម្រាប់រយៈពេលយូរ គិតចាប់ពីឆ្នាំ២០២៣», នេះបើតាមសម្តីប្រធាន និងជានាយកប្រតិបត្តិ F1 លោក Stefano Domenicali។
វានឹងក្លាយជាព្រឹត្តិការណ៍កីឡាថ្មីចុងក្រោយ សម្រាប់ប្រទេសកាតា ដែលមានដោយសាររ៉ែឧស្ម័ន ខណៈប្រទេសមួយនេះ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២២៕