(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ លោក សែម សង្វាត បាននឹងកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ក្នុងបន្ទប់ ICU កាលពីរសៀលម្សិលមិញនេះ ដោយលោកកំពុងតែខ្វះខាតថវិកាយ៉ាងខ្លាំង ដើម្បីព្យាបាល ហើយបានដាច់ចិត្តសុំក្ដីមេត្តា ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់ស្គាល់រូបលោក ឲ្យជួយឧបត្ថម្ភ ដើម្បីបានថវិកាជួយសម្រាលថ្លៃព្យាបាល ដែលជាតម្រូវការដ៏ចាំបាច់នេះ។
កូនប្រុសច្បងរបស់តារាចម្រៀង សែម សង្វាត គឺលោក សង្វាត រតនៈ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅរសៀលថ្ងៃនេះថា ឪពុករបស់ខ្លួនបានធ្លាក់ខ្លួនឈឺធ្ងន់ អស់រយៈពេលជាងមួយខែមកហើយ ប៉ុន្តែដោយសារខ្វះថវិកាក្នុងការព្យាបាល ណាមួយបញ្ហានៃជំងឺកូវីដ-១៩ ក៏មិនទាន់បានធូរស្បើយទៀត ឪពុករបស់ខ្លួនក៏ចេះតែទ្រាំៗទៅ។ កូនប្រុសលោក សែម សង្វាត បន្តទៀតថា ដោយសារម្សិលមិញនេះ ឪពុករបស់លោកមានអាការៈធ្វើទុក្ខខ្លាំង ក៏បានបញ្ជូនមកព្យាបាល នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ខណៈដែលថវិកាក៏គ្មាន ធ្វើឲ្យក្រុមគ្រួសារកំពុងព្រួយបារម្ភ ទៅលើការខ្វះខាតនេះ។
លោក សង្វាត រតនៈ បានបន្ថែមទៀតថា ឪពុករបស់លោក មានជំងឺថ្លើម (ទាចទឹក), ជំងឺដំបៅក្រពះ និងរលាកពោះវៀន ជាពិសេសជំងឺថ្លើម គឺបានឈឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលបានថវិកា ពីការច្រៀង ឬរកស៊ីលក់ដូរផ្លែឈើបន្តិចបន្ទួច គឺយកមកព្យាបាលអស់រលីងគ្មានសល់ រហូតដល់អស់ទាំងផ្ទះសម្បែងរស់នៅទៀតផង។ សព្វថ្ងៃនេះ ក្រុមគ្រួសារលោក សែម សង្វាត បានជួលផ្ទះមួយកន្លែង ក្នុងបុរីពិភពថ្មីកួរស្រូវ២ ដើម្បីប្រកបរបរលក់ដូរផ្លែឈើ គ្រាន់បានថវិកាផ្គត់ផ្គង់គ្រួសារ និងមើលជំងឺ បន្ទាប់ពីលោក សែម សង្វាត បានបែកបាក់ចែកផ្លូវគ្នា ជាមួយប្រពន្ធ អស់រយៈពេលជាយូរឆ្នាំមកហើយ។
ងាកមកគណនីផ្លូវការ របស់តារាចម្រៀង សែម សង្វាត នៅប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះសារថា «ខ្ញុំបាទ សែម សង្វាត ជាសិល្បករផ្នែកចម្រៀងជើងចាស់ កំពុងតែព្យាបាលក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ។ ដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំ វិវត្តន៍កាន់តែធ្ងន់ទៅៗ ត្រូវប្រើថ្នាំច្រើន ដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល! ដូច្នេះសូមអំពាវនាវ ដល់បងប្អូនសប្បរសធម៌ទាំងអស់ ដែលចូលចិត្តអាណិតស្រឡាញ់ខ្ញុំបាទ មេត្តាជួយដល់ខ្ញុំបាទផង ដើម្បីឲ្យខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារ និងបានបន្តការច្រៀងបំពេរអារម្មណ៍ជូនដល់មហាជនក្នុងស្រុក និងក្រៅស្រុក»។
សូមបញ្ជាក់ថា ដោយសារតែស្ថានភាពជំងឺប្រចាំកាយរួមរិត និងកម្រិតជីវភាពមិនសូវសមប្រកបផងនោះ តារាចម្រៀង សែម សង្វាត ម្ចាស់បទ «កម្មករឆ្លងដែន» បានបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នគ្រួសាររបស់លោក សែម សង្វាត ត្រូវបានគេដឹងថា បានជួលផ្ទះមួយកន្លែងស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ដើម្បីស្នាក់នៅជាមួយកូនប្រុស២នាក់ បន្ទាប់ពីលោកបានលែងលះគ្នាជាមួយប្រពន្ធ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះ លោកក៏បានប្រកបរបរបន្តិចបន្ទួច គឺការលក់ផ្លែនៅក្នុងផ្សារពិភពថ្មី២ ទាំងរូបលោកកំពុង ស្ពាយជាប់នូវជំងឺប្រចាំកាយផងដែរ។
ជាមួយគ្នានេះ ប្រសិនបើបងប្អូនសប្បុរសជននានា ចង់ជួយដល់តារាចម្រៀង សែម សង្វាត ដែលកំពុងដង្ហោយរកជំនួយបន្ទាន់នេះ សូមទំនាក់ទំនងទៅកាន់កូនប្រុសរបស់លោកផ្ទាល់ ដែលមានលេខ ០១០ ៦៦ ៣០ ៣៣ ឬតាម ABA 000445411៕