(មែនឆេស្ទើ)៖ ត្រឹមការបង្ហាញខ្លួន ១លើកចុងក្រោយជាមួយក្លិប Manchester United ខ្សែប្រយុទ្ធឆ្នើមម្ចាស់អាវលេខ ៧ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីដោយបំបែកកំណត់ត្រារបស់អ្នកចាំទីអេស្ប៉ាញ Iker Casillas ក្នុងការបង្ហាញខ្លួនបាន ១៧៨លើកក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Champions League។ នេះបើតាមប្រភពពីក្លិបអាជីពអង់គ្លេស ឲ្យដឹងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

តាមរយៈការបង្ហាញខ្លួនរបស់ Ronaldo ចំនួន ១៧៨លើកនៅ UCL បានបំបែកកំណត់ត្រា ១៧៧លើករបស់ Iker Casillas បន្ទាប់ពីបរុសឈ្នះពាន FIFA Ballon d’or ៥លើក Ronaldo បានបង្ហាញខ្លួនក្នុងជំនួប Man Utd ឈ្នះ Villarreal 2-1 នាថ្ងៃទី៣០ ខែកញ្ញានៃជម្រុះពូល F រដូវកាលនេះ ដែលជាការលេងក្នុងរដូវកាលទី១៩ របស់លោកនៃពានលីគអឺរ៉ុប ដែលជាអ្នកស៊ុតបានច្រើនជាងគេ ១៣៦គ្រាប់កម្រិតពាន UEFA Champions League។

ក្នុងចំណោម ១៧៨ប្រកួតរបស់ Ronaldo គឺរូបលោកបានចូលលេងតាំងពីឆ្នាំ២០០៣ដល់បច្ចុប្បន្ន បានឈរនៅពីលើ Iker Casillas លេងបាន ១៧៧ប្រកួតចាប់ពីឆ្នាំ១៩៩៩-២០១៩ ក្នុងនោះមានខ្សែបម្រើ Xavi Hernandes លេងបាន ១៥១លើកពីឆ្នាំ១៩៩៨-២០១៥ ស្មើជាមួយខ្សែប្រយុទ្ធ Lionel Messi ដែលចាប់ពីឆ្នាំ២០០៤ដល់បច្ចុប្បន្នជាមួយ PSG នៅពេលដែល Raul Gonzalez បង្ហាញខ្លួនបាន ១៤២លើកពីឆ្នាំ១៩៩៥-២០១១ និង Ryan Giggs លេងបាន ១៤១ប្រកួតពីឆ្នាំ១៩៩៣-២០១៤៕