(ឡុងដ៍)៖ ខ្សែបម្រើក្លិប Arsenal កីឡាករ Granit Xhaka នឹងអវត្តមានពីការប្រកួតរយៈពេល ៣ខែ បន្ទាប់ពីមានរបួសធ្ងន់ធ្ងរ នៅសរសៃជង្គង់របស់លោកក្នុងអំឡុងពេលប្រកួតប៉ះក្រុម Tottenham Hotspur កាលពីចុងសប្តាហ៍កន្លងទៅ, នេះបើតាមការបញ្ជាក់ ពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
បញ្ហារបួស Xhaka ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន ៨២នាទីក្នុងការប្រកួតឈ្នះ៣-១ របស់ Arsenal លើក្រុម Spurs កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការប្រជែងយកបាល់ ពីកីឡាករខ្សែប្រយុទ្ធ Lucas Moura របស់ក្លិប Spurs ខណៈក្លិប Arsenal បានប្រាប់ថា កីឡាករអន្តរជាតិសញ្ជាតិស្វីស រូបនេះមិនត្រូវការការវះកាត់នោះទេ។
ក្លិប Arsenal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅទីក្រុង London កាលពីល្ងាចថ្ងៃអង្គារ ដែលបានកំណត់ថា Xhaka មិនតម្រូវឲ្យវះកាត់នោះទេ»។ «កម្មវិធីស្តារនីតិសម្បទារបស់ Granit Xhaka នឹងចាប់ផ្តើមភ្លាមៗ ហើយយើងមានបំណងឲ្យគាត់ត្រលប់មកវិញ ក្នុងរយៈពេលប្រហែល ៣ខែបន្ទាប់»។
រំលឹកថា កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបង្ហាញខ្លួន ៥ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Arsenal ក្នុងរដូវកាលនេះ៕