(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ មហាជនសង្កេតឃើញថា មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានផ្អើលតាមគ្នាហូបរុក្ខជាតិបៃតងមួយប្រភេទ ដែលប្រជាជនខ្មែរទូទៅហៅថា «ដើមដំបងយក្ស» ខណៈរុក្ខជាតិនេះ នៅមិនទាន់មានភស្តុតាង ឬការអះអាងពីជំនាញណាមួយបញ្ជាក់ថា អាចបរិភោគបាននោះទេ។ យ៉ាងណាមិញ ងាកមកតារាកំប្លែងល្បីឈ្មោះ គឺនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង វិញបានបង្ហើបឲ្យដឹងថា ដោយសារតែជោរតាមគ្នាថា ដំបងយក្សឆ្ងាញ់ បានបង្ខំចិត្តឲ្យនាងហូបសាកនឹងគេដែរ មានអីជាលទ្ធផល គឺពុលក្អូតស្ទើរស្លាប់ស្ទើររស់។
ការបង្ហើបបែបនេះ ពីសំណាក់តារាកំប្លែង នាង ខ្ញុង គឺត្រូវបានធ្វើឡើងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាង ដែលមានឈ្មោះថា «អូន សុកាន់ដា»។ នាង ខ្ញុង បានសរសេរសំណេរយ៉ាងដូច្នេះថា «ជោរតាមគេដំបងយក្សឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់ឯងក្អួតចង់ស្លាប់», «ធ្វើការហត់មិនឈឺ មកឈឺដោយសារស៉ីដំបងយក្ស គួរឲ្យខឹងណាស់ អ្នកណាថាឆ្ងាញ់ចេញមុខមក»។
លទ្ធផលរបស់នាង ខ្ញុង បែបនេះ គឺបន្ទាប់ពីនាង បានឃើញនៅក្នុងបណ្តាញសង្គម មានការហូបដំបងយក្សជាបន្តបន្ទាប់តាមគ្នា ដែលជាហេតុធ្វើឲ្យនាងទប់ចិត្តទប់កាយមិនបាន ក៏ទៅទិញដើម្បីបានភ្លក្សរសជាតិនឹងគេ។ តែយ៉ាងណា វាមិនមានសុវត្ថិភាពនោះទេ ត្បិតថារុក្ខជាតិមួយប្រភេទនេះ មិនទាន់មានការបញ្ជាក់ពីផ្នែកជំនាញណាមួយ អះអាងថា ជាប្រភេទរុក្ខជាតិអាចត្រូវបរិភោគបានឡើយ។
គួរជម្រាបថា នាង ខ្ញុង គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរទូទៅ ខណៈការងារសិល្បៈហាក់ស្ងប់ស្ងាត់ ដោយសារកូវីដ-១៩ តារាកំប្លែងរូបនេះ បានបង្វែទៅរកស៉ីលក់ប្រហុក ផ្អក ត្រងៀត និងផលិតផលមួយចំនួនតាមបណ្តាញសង្គមអនឡាញវិញ ដោយទទួលបានការគាំទ្រច្រើនគួរសម ពីអថិតិជនក៏ដូចជាអ្នកនិយមគាំទ្ររូបនាង៕