(អាមេរិក)៖ ក្រុមហ៊ុន Facebook ក្រោយពីមានការិះគន់ និងមានសេចក្ដីរាយការណ៍មកថា Instagram បានបំពុល និងបំផ្លាញសុខភាព ផ្លូវចិត្ត របស់ក្មេងវ័យជំទង់នោះ នាពេលនេះ Facebook គ្រោងនឹងបង្ហាញរបាយការណ៍ស្រាវជ្រាវផ្ទៃក្នុងរបស់ខ្លូនពាក់ព័ន្ធនឹងករណីនេះទៅកាន់ ព្រឹទ្ធសភាអាមេរិកនៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមាករចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
លោកស្រី Antigone Davis ប្រធានផ្នែកសុវត្ថិភាពសកលរបស់ក្រុមហ៊ុន Facebook នឹងរៀបរាប់លម្អិតអំពីការខិតខំប្រឹងប្រែង របស់ Facebook ដើម្បីការពារកុមារ និងក្មេងវ័យជំទង់នៅលើបណ្ដាញសង្គមរបស់ខ្លួនទាំងអស់ ដោយបួករួមទាំងការហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំមិនអនុញ្ញាត ឱ្យបង្កើតគណនី Instagram ផ្ទាល់ខ្លួនផងដែរ។
លោកស្រី Davis បានបញ្ជាក់ថា «ការស្រាវជ្រាវរបស់យើងបានរកឃើញថា យុវវ័យ ជាច្រើនដែលកំពុងជួបបញ្ហា បាននិយាយថា Instagram បានជួយដោះស្រាយបញ្ហាលំបាករបស់ពួកគេ។ ក្មេងស្រីវ័យជំទង់ជាច្រើនបាននិយាយថាពួកគេមានអារម្មណ៍ក្រៀមក្រំ ប៉ុន្តែ Instagram បានជួយឱ្យពួកគេមានអារម្មណ៍ល្អប្រសើរឡើងវិញ»។
ប្រមាណជាងមួយសប្ដាហ៍មុននេះ កាសែត Wall Street Journal បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយដោយបានរកឃើញថា បណ្ដាញសង្គម Instagram បាននិងកំពុងតែ «បំពុល» យុវវ័យ ជាពិសេសគឺក្មេងជំទង់ ប៉ុន្តែត្រូវបាន Facebook ច្រានចោលព័ត៌មាននោះ និងបាននិយាយថា របាយការណ៍នោះគឺធ្វើឡើងដោយលក្ខណៈបុគ្គល និងមិនបានភស្តុតាងច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា Facebook ថ្មីៗនេះបានផ្អាកការគម្រោងអភិវឌ្ឍន៍កម្មវិធី Instagram សម្រាប់កុមារ បន្ទាប់ពីផ្ទុះមតិរិះគន់ទៅលើ បញ្ហា សុវត្ថិភាព និងរឿងបំផ្លាញសុខភាព ផ្លូវចិត្តយុវវ័យ៕