(ភ្នំពេញ)៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានបន្ដយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ២-១ ដូចកាលពីជើងទី១ ក្នុងជំនួបវគ្គ Top-8 នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចមិញ។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប បន្ទាប់ពីខកខានអស់រយៈពេល ១០សប្ដាហ៍កន្លងទៅ។

ជំនួបដ៏ជក់ចិត្តរវាងក្រុមទាំងពីរ កីឡាករ Tatela Maksim បានតែតបញ្ចូលទីគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុននៅនាទី៦៣ បន្ទាប់ពីក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១។ ប៉ុន្ដែ ៧នាទីក្រោយមក ក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ក៏វាយបកតាមស្មើវិញ ១-១ ពីការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែបម្រើកូរ៉េខាងត្បូង Chanyong Ha នៅនាទី២០។

រយៈពេល ២០នាទីចុងក្រោយ នៃវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ប៉ុន្ដែឱកាសមាសត្រូវបានទៅក្រុមភ្ញៀវអង្គរថាយហ្គឺរ បន្ទាប់ពីអតីតខ្សែប្រយុទ្ធវិសាខា Da Cruz បានទាត់បាល់ហ្វ្រីឃីតពីចម្ងាយបំប៉ោងសំណាញ់ទីក្រុមលោក Lee Tae Hoon នៅនាទី៨២ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមម្ចាស់ផ្ទះព្យាយាមវាយបក តែធ្វើមិនបានសម្រេច។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមអង្គរថាយហ្គឺរ ក្រោយការរង់ចាំអស់រយៈពេល ៨០ថ្ងៃ បើគិតចាប់ពីពួកគេបានឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-១ កាលពីថ្ងៃទី១២ ខែកក្កដា រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញាម្សិលមិញ។ ជ័យជម្នះនេះដែរបានធ្វើឲ្យអង្គរថាយហ្គឺរ នៅមានសង្ឃឹមតិចតួចក្នុងការប្រកួតពាន បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួត ឈ្នះ ៧ ស្មើ ៣ និងចាញ់ ៥ រកបាន ២៤ពិន្ទុ។

រីឯការបរាជ័យរបស់ក្រុមកងយោធពលខេមរភូមិន្ទ បានធ្វើឲ្យពួកគេអស់ឱកាសប្រជែងពានទៅហើយ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួត ឈ្នះ ៦ ស្មើ ៤ និងចាញ់ ៦ ទើបរកបាន ២២ពិន្ទុ។ បើធៀបនឹងក្រុមកំពូលតារាង រួមមានវិសាខា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលកំពុងកាន់ ៣៤ពិន្ទុក្នុងដៃស្មើគ្នា ពួកគេចាញ់ប្រៀបរហូតដល់ ១២ពិន្ទុឯណោះ ខណៈក្រុមទ័ព នៅសល់ ៣ប្រកួតទៀតប៉ុណ្ណោះ៕