(រីយ៉ូ)៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele គ្រោងនឹងចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបាននឹងកំពុងជាសះស្បើយ ពីការវះកាត់យកដុំសាច់ ចេញពីពោះវៀនធំរបស់លោក, នេះបើតាមការបញ្ជាក់ពីអ្នកស្រី Kely ជាកូនស្រីរបស់លោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

អ្នកស្រី មិនបានបញ្ជាក់ច្បាស់ ថាពេលណាលោកនឹងចាកចេញពីមន្ទីរពេទ្យ Albert Einstein ស្ថិតនៅទីក្រុង Sao Paulo នោះទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុក Estado de Sao Paulo បានចេញផ្សាយថា ការចាកចេញពីមន្ទីរពេទ្យរបស់លោក នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

«ឥឡូវនេះគាត់កាន់តែរឹងមាំ ហើយនឹងចេញពីមន្ទីរពេទ្យ ដើម្បីបន្តការជាសះស្បើយ និងព្យាបាលខ្លួនឯងនៅផ្ទះ, ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ», នេះបើតាមកូនស្រីលោក Pele ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក បានបង្ហោះលើ Instagram។

បុរសវ័យ៨០ឆ្នាំ អតីតកីឡាកររបស់ក្លិប Santos របស់ប្រេស៊ីល និងក្លិប New York Cosmos រូបនេះ បានទទួលការវះកាត់ កាលពីថ្ងៃទី៤ ខែកញ្ញា បន្ទាប់ពីភាពមិនប្រក្រតី ត្រូវបានរកឃើញ ក្នុងកំឡុងពេលនៃការពិនិត្យសុខភាពជាប្រចាំ។

លោក Pele, ជាកីឡាករម្នាក់គត់ ដែលបានឈ្នះមេដាយ World Cup ចំនួន៣គ្រឿងរូបនេះ, នឹងគ្រប់វ័យ៨១ឆ្នាំ នៅថ្ងៃទី២៣ ខែតុលាខាងមុខ៕