(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសពីការចូលហ៊ុន បណ្ដាក់ទុនរកស៉ីរួមគ្នាជាមួយនឹងអ្នកស្រី ទ្រី ដាណា បានប៉ុន្មានថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលពេញពិភពសិល្បៈ និងអ្នកជំនួញរួចមក ពេលនេះគណនីហ្វេសប៊ុករបស់តារាចម្រៀង សួស វីហ្សា ត្រូវបានជនអនាមិក (Hack) លួចយកទៅគ្រប់គ្រង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបានផ្ញើសារខ្ចីលុយអ្នកសិល្បៈ និងអ្ន កធ្លាប់ស្គាល់ជាច្រើននាក់ រហូតមានការភ្ញាក់ផ្អើលដល់ម្ចាស់សាមីខ្លួន នៅព្រឹកថ្ងៃដដែលនេះ។
តារាចម្រៀងកំពុងត្រូវបានមហាជនចាប់អារម្មណ៍ ចំពោះជំនួញរកស៉ីប្រមាណ៥០ម៉ឺនដុល្លារ ជាមួយអ្នកស្រី ទ្រី ដាណា គឺអ្នកនាង សួស វីហ្សា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា នៅព្រឹកមិញនេះ ខណៈដែលនាងមិនទាន់ភ្ញាក់ពីដំណេកផង ក៏ត្រូវបានមិត្តភក្តិ និងអ្នកសិល្បៈស្គាល់គ្នា បានខលមកសួរនាំរឿងផ្ញើសារ តាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីខ្ចីលុយរហូតដល់ពាន់ដុល្លារទាំងព្រឹក។ ចំណុចនេះបានធ្វើឲ្យមិត្តភក្តិ និងរូបនាងមានការភ្ញាក់ផ្អើល ក៏បានឆែកមើលហ្វេសប៊ុករបស់ខ្លូន ប៉ុន្តែត្រូវបានជនអនាមិក ទាញយកទៅគ្រប់គ្រងបាត់ទៅហើយ។
សួស វីហ្សា និយាយថា «ចា៎បងព្រឹកមិញហ្នឹង..! មានមិត្តភក្តិ និងបងប្អូនខ្ញុំខលប្រាប់ថា អ្នកហេកអាក់ខនខ្ញុំហ្នឹង ដើរឆាតទៅគេ ឲ្យវេលុយតាមវីង ឲ្យវេតាម ABA តាំងពីម៉ោង៦ព្រឹក ក៏នាំគ្នាឆ្ងល់ ហើយខ្ញុំឯណាទៅចេះដើរខ្ចីលុយគេ ទាំងព្រឹកអ៉ីចឹងនោះបង..! អ៉ីចឹងទៅក៏នាំគ្នាផ្ទុះការចាប់អារម្មណ៍ ហើយខលមកប្រាប់ខ្ញុំ ខណៈដែលខ្ញុំជាទម្លាប់រាល់ថ្ងៃ គឺក្រោកពីគេងម៉ោង៨ព្រឹកឯណោះ ព្រោះមានកូនតូចគេងមិនសូវឆ្អែតទេបង..!»។
ទោះបីជាយ៉ាងណា តារាចម្រៀង សួស វីហ្សា បានបញ្ជាក់ប្រាប់ទៀតថា ពេលនេះរូបនាងកំពុងតែឲ្យអ្នកជំនាញ និងក្រុមការងារព្យាយាមទាញយកមកគ្រប់គ្រងវិញ ហើយក្នុងនោះ នាងក៏បានដាក់ពាក្យបណ្ដឹងទៅខាងសមត្ថកិច្ច ដើម្បីឲ្យជួយស្វែងរកជនខិលខូចទាំងនោះ មកផ្តន្ទាទោសតាមច្បាប់រួចរាល់ហើយដែរ៕