(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងស្ដង់ដារខ្ពស់ មន្ទីរព្យាបាលកុមារដំរី និងតារាចម្រៀង ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដ៏ល្បីនៅកម្ពុជា បានចាប់ដៃគូសហការគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្ដល់សេវាសុខាភិបាល និងការពិនិត្យព្យាបាលជំងឺជូនកុមារនៅកម្ពុជា ប្រកបដោយគុណភាព និងមានស្ដង់ដារអន្ដរជាតិ។

ពិធីចុះអនុស្សរណៈយោគយល់ សម្រាប់កិច្ចសហប្រតិបត្ដិការ រវាងមន្ទីរព្យាបាលកុមារដំរី និងលោក ឆាយ វីរៈយុទ្ធ រៀបចំឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត អៀង ហួរ សហស្ថាបនិកនៃមន្ទីរព្យាបាលកុមារដំរីឲ្យដឹងថា ការសហការជាដៃគូ និងការបង្កើតមន្ទីរព្យាបាលកុមារដំរីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសេវាការព្យាបាលជំងឺជូនកុមារ ប្រកបដោយស្ដង់ដារខ្ពស់ និងការផ្ដល់សេវាកម្មប្រកបដោយគុណភាព ជាពិសេសគ្រូពេទ្យមានជំនាញច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្ដាប្រទេសនានាក្នុងតំបន់។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មន្ទីរព្យាបាលកុមារដំរីមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការនាំយកប្រព័ន្ធព្យាបាលប្រកបដោយសុវត្ថិភាព និងសេវាកម្មចេញពីបេះដូង ដើម្បីចូលរួមចំណែកជួយកុមារកម្ពុជា ឱ្យមានសុខភាពល្អ និងមានបេសកកម្មដ៏មោះមុត ដើម្បីឱ្យមន្ទីរព្យាបាលកុមារដំរី ក្លាយទៅជាមន្ទីរព្យាបាលឈានមុខគេ ដោយពឹងផ្អែកទៅលើក្រុមវេជ្ជបណ្ឌិតជំនាញៗ និងបូកផ្សំជាមួយការបំពាក់ប្រព័ន្ធធ្វើការជួយ ក្នុងការព្យាបាលកុមារតាមស្ដង់ដារអន្ដរជាតិ ដើម្បីធានាសុវត្ថិភាពជូនអ្នកជំងឺ។

លោកបានបន្ដថា ទន្ទឹមនេះមន្ទីរព្យាបាលកុមារដំរី ផ្ដល់ជូននូវសេវាថែទាំសុខភាពកុមារចាប់ពីអាយុ១ឆ្នាំ រហូតដល់១៥ឆ្នាំ តាមរយៈក្រុមគ្រូពេទ្យមានជំនាញឯកទេស ផ្នែកជំងឺកុមារច្បាស់លាស់ សេវាត្រួតពិនិត្យសុខភាពកុមារប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងគ្រប់ប្រភេទ តាមស្ដង់ដារអាម៉េរិកាំង និងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក សេវាព្យាបាលកុមារទូទៅ សេវាពិភាក្សា និងតាមដានអំពីការលូតលាស់របស់កុមារ ការទទួលព្យាបាលជំងឺកុមារ ដោយការស្នាក់ក្នុងមន្ទីរព្យាបាលបំពាក់ដោយឧបករណ៍ បរិក្ខារពេទ្យគ្រប់គ្រាន់ រួមនឹងបន្ទប់ប្រកបដោយផាសុកភាព និងសេវាសង្គ្រោះបន្ទាន់២៤ ម៉ោង។

លោកវេជ្ជបណ្ឌិតបន្ដថា ដើម្បីធានាឱ្យមានសុវត្ថិភាពខ្ពស់ ចៀសផុតពីការចម្លងមេរោគផ្សេងៗ ពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត មន្ទីរព្យាបាលកុមារដំរី បានអនវត្ដន៍យ៉ាងខ្ជាប់ខ្ជួន នូវវិធានការអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានធ្វើការបាញ់កម្ចាត់មេរោគនៅក្នុងអគារជាប្រចាំ។

លោកវេជ្ជបណ្ឌិតបន្ថែមថា «យើងខិតខំអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ទាំងគុណភាពវេជ្ជបណ្ឌិត រចនាសម្ព័ន្ធ សេវាកម្មឱ្យមានភាពរីកចម្រើនជឿនលឿនដូចមន្ទីរពេទ្យនានា ដូចបណ្ដាប្រទេសនៅក្នុងតំបន់»

លោកវេជ្ជបណ្ឌិត អៀង ហួរ បានឱ្យដឹងថា បច្ចុប្បន្ននេះដោយមើលឃើញថា ប្រទេសជាតិទទួលបាននូវសុខសន្ដិភាព យ៉ាងពេញលេញបរិបូរណ៌ និងមានការអភិវឌ្ឍ ខ្ពស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានអនុវត្ដន៍យុទ្ធសាស្រ្ដចតុកោណ ចាប់ពីដំណាក់កាលទី១ ដល់ដំណាក់កាលទី៤ ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបានសន្ដិភាពយូរអង្វែង។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ការទទួលបាននូវសន្ដិភាពនេះ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសង្គមជាតិធ្វើការអភិវឌ្ឍរីកចម្រើន ប្រកបដោយចីរភាពលើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល ដែលបង្កជាឱកាស ដល់អ្នកវិនិយោគទុន និងក្រុមវេជ្ជបណ្ឌិតក្នុងការសហការគ្នា ដើម្បីបង្កើតមន្ទីរពេទ្យឯកជន សម្រាប់ចូលរួមជួយលើកកម្ពស់ វិស័យសុខាភិបាលឱ្យកាន់តែមានភាពរឹងមាំ ស្របតាមបទដ្ឋានអន្ដរជាតិ ក្នុងនោះក៏មានមន្ទីរព្យាបាលកុមារដំរីផងដែរ។

លោក ឆាយ វីរៈយុទ្ធ ជាសហស្ថាបនិកនៃមន្ទីរព្យាបាលកុមារដំរីលើកឡើងថា ការសហការរួមគ្នា ក្នុងការបើកដំណើរការគ្លីនិកនេះឡើង ដើម្បីចង់បានសេវាកម្មមួយឱ្យកាន់តែល្អ និងមានក្រមសីលធម៌ខ្ពស់ ស្របតាមបទដ្ឋានអន្ដរជាតិ ហើយបានតាំងចិត្ដរួមគ្នា ក្នុងការចង់បានធ្វើយ៉ាងណាឱ្យមន្ទីរព្យាបាលកុមារដំរី ក្លាយទៅជាគ្លីនិកមួយដែលបានរួមចំណែក អភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។

លោកបានអះអាងថា «ការចាប់ដៃគូបង្កើតមន្ទីរព្យាបាលកុមារដំរីនេះ នឹងក្លាយទៅជាគ្លីនិកព្យាបាលមួយដែលធំ និងមានសេវាកម្មល្អ មានវេជ្ជបណ្ឌិត គ្រូពេទ្យជំនាញៗ និងមានការព្យាបាលត្រឹមត្រូវ តាមក្បួនវេជ្ជសាស្រ្ដសុខាភិបាល ដែលផ្ដល់នូវការព្យាបាល ជូនដល់ប្រជាពលរដ្ឋ និងកុមារកម្ពុជា»

លោកបានអំពាវនាវ ដល់ឪពុកម្ដាយ និងអាណាព្យាបាលមានកូនតូចៗ សូមមកទទួលនូវសេវាសុខាភិបាលពីមន្ទីរព្យាបាលកុមារដំរី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការពិនិត្យព្យាបាល និងថែទាំសុខភាពរបស់កុមារប្រកបដោយគុណភាព សុវត្ថិភាព និងស្ដង់ដារអន្ដរជាតិ។