(ភ្នំពេញ)៖ ដើម្បីជាការចូលរួមក្នុងការផ្តត់ផ្គង និងផ្តល់សេវាកម្មដឹកជញ្ជូនទំនិញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្រុមហ៊ុន ផ្តល់សេវាកម្មដឹកជញ្ជូនគ្រប់ទំហំឥវ៉ាន់ និងផ្គត់ផ្គង់ផលិតផលវិចខ្ចប់គ្រប់ប្រភេទ ប្រកបដោយគុណភាព DOJA Express បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីលោកឧកញ៉ា ឃាង ឃុន និងលោកស្រី លោក សុខ សត្យា អគ្គនាយកក្រុមហ៊ុន DOJA Express និងលោក ម៉ម ស៊ីឃន នាយកសាខាDOJA ផ្សារសាមគ្គី ស្ថិតនៅចំណុចផ្ទះលេខ១២០ ផ្លូវ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក សុខ សត្យា បានឱ្យដឹងថា ចក្ខុវិស័យចំបងរបស់ DOJA Express គឺនឹងក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូន គ្រប់ទំហំឥវ៉ាន់ ដែលមានគុណភាព ជូនទៅពាណិជ្ជករ អាជីវករ និងអតិថិជនទាំងអស់ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលអតិថិជនកំពុង ជួបប្រទះ ជាពិសេសសំរាប់ពាណិជ្ជករ និងអាជីវករ ដែលសង្វាក់ប្រតិបត្តិការណ៍ប្រចាំថ្ងៃ ផ្សារភ្ជាប់ជាមួយការដឹកជញ្ជូន នាំឱ្យសេវាកម្មដឹកជញ្ជូនជាផ្នែកមួយដ៏សំខាន់ នៃប្រតិបត្តិការណ៍អាជីវកម្មសម័យថ្មី។
ដំណោះស្រាយដែលក្រុមហ៊ុនដូចា អ៊ិចប្រេស ផ្តល់ជូនអតិថិជន គឺមិនត្រឹមតែការដឹកជញ្ជូននៅក្នុងប្រទេសនោះទេ នាថ្ងៃអនាគតនឹងឈានជំហានទៅមុខ ដើម្បីសំរួល ផ្នែកសេវាដឹក ជញ្ជូនកញ្ចប់តូច ធំទៅបណ្តាប្រទេសនានានៅលើពិភពលោក ហើយក្លាយជាដៃគូរដ៏ជិតស្និតសំរាប់ពាណិជ្ជករ អាជីវករ និងសិប្បករក្នុងស្រុក ក្នុងការពង្រីក ទីផ្សារផលិតផលខ្លួន ទៅឆាកអន្តរជាតិ ក្នុងរបត់ការជួញដូរតាមប្រព័ន្ធឌីជីថលសម័យថ្មី។
លោក ម៉ម ស៊ីឃន បានឱ្យដឹងដែរថា ក្នុងនាមជាយុវជនខ្មែរមួយរូប ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល លោកបានសង្កេតឃើញថាលំហូរការនាំចេញ និងនាំចូលផលិតផល គ្រប់ប្រភេទ ក៏ដូចជាសង្វាក់ប្រតិបត្តិការ អាជីកម្ម ដែលជាការទិញលក់ទំនិញតាមប្រពន្ធ័អនឡាញមានកំណើន និងសន្ទុះយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំមកនេះ ជាពិសេនៅក្នុង បរិបទ Covid 19 ដែលពាណិជ្ជករ និងអាជីករ ក៏ដូចជាអតិថិជនទាំងអស់តំរូវការសម្របខ្លួនទៅនឹងរបត់ប្រត្តិបត្តការណ៍របៀបថ្មី។
ដើម្បីក្លាយជាចំណែកនៃការជួយគាំទ្រដល់ពាណិជ្ជករ និងអាជីវករក្នុងការបំលាស់ប្តូរសង្វាក់ប្រត្តិការណ៍នៃបរិបទអាជីវកម្មបែបឌីជីថលនាពេលបច្ចុប្បន្ន លោកក៏បាន សំរេចចិត្តសហការណ៍ជាមួយក្រុមហ៊ុនដូចា អ៊ិចប្រេស ដោយការបើកសាខាផ្សារសាមគ្គី ដែលជាតំបន់កណ្តាលទីក្រុងភ្នំពេញ ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូន ដែលមាន គុណភាព នឹងអាចជួយសំរួលពាណិជ្ជករ និងអាជីវករទាំងអស់ឱ្យកាន់តែមានភាពងាយស្រួល ជាមួយសេវាកម្មដឹកជញ្ជូនប្រកបដោយទំនុកចិត្ត រហ័សនិងសុវត្ថិភាព។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន DOJA Express គិតមកដល់ពេលនេះបានដាក់ដំណើរការសេវាកម្មធំៗ ៣ ហើយរួមមាន៖
ទី១៖ សេវាកម្មដឹកជញ្ជូនឥវ៉ាន់ថ្ងៃតែ១ថ្ងៃ ក្នុងទីក្រុងភ្នំពេញ ទាំងកញ្ចប់ តូច និងកញ្ចប់ធំ ដែលកញ្ចប់តូចមានតំលៃត្រឹម ៥០០០រៀល គ្រប់ទីតាំងក្នុងទីក្រុងភ្នំពេញ ព្រមជាមួយការទៅ យកកញ្ចប់ និងបង្វិលកញ្ចប់បរាជ័យជូនវិញដោយពុំគិតថ្លៃ និងមានការប្រមូលលុយពីអ្នកទទួលកញ្ចប់ឥវ៉ាន់ និងរបាយការណ៍ទូទាត់ជូនម្ចាស់ឥវ៉ាន់។
ទី២៖ សេវាកម្មជួយទិញ និងដឹកជញ្ជូនពីប្រទេសថៃ ចាប់ពី 1$/គីឡូក្រាម សំរាប់អតិថិជនដែលមានតំរូវការការបញ្ជាទិញឥវ៉ាន់ពីផ្សារអនឡាញ នៅប្រទេសថៃ ក៏ដូចជា អាជីវករដែលនាំចូល និងចែកចាយឥវ៉ាន់ថៃ។
ទី៣៖ ការផ្គត់ផ្គង់ កេស ស្កុត និងផលិតផលវិចខ្ចប់ផ្សេងៗ ដែលជាផ្នែកមួយដ៏សំខាន់សំរាប់ចល័តឥវ៉ាន់ពីទីតាំងមួយទៅទៅតាំងមួយផងដែរ៕