(ភ្នំពេញ)៖ បន្ទាប់ពីបានចុះបញ្ជីពាណិជ្ជកម្មស្របតាមបញ្ញត្តិនៃច្បាប់ ក៏ដូចជាបំពេញលក្ខខណ្ឌផ្លូវច្បាប់តម្រូវផ្សេងៗទៀតរួចមក ក្រុមហ៊ុនទាំងអស់អាចទទួលបាននូវនីតិបុគ្គលិកលក្ខណៈ (ទម្រង់តាមផ្លូវច្បាប់) ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ អាចប្រកបពាណិជ្ជកិច្ចស្របតាមច្បាប់ និង ស្របតាមកម្មវត្ថុអាជីវកម្មរបស់ខ្លួនបាន។ យ៉ាងណាមិញ ជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ រាល់ក្រុមហ៊ុនដែលបានចុះបញ្ជីទាំងឡាយ ត្រូវតែធ្វើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ នៅក្រសួងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។
ដូចនេះ តើអ្វីទៅជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ? ប្រសិនបើមានការខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តើក្រុមហ៊ុននីមួយៗនឹងត្រូវទទួលខុសត្រូវកម្រិតណា?
ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
យោងតាមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងប្រកាសលេខ១០៧ ព.ណ ចបព.ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ដីពីការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធស្វ័យប្រវត្តិកម្មបានកំណត់ថា ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មរួច ត្រូវមានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំ។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺជាការពិនិត្យ និងផ្ទៀងផ្ទាត់ ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម និងឯកសារផ្សេងៗរបស់ក្រុមហ៊ុន ដែលមាននៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគេហទំព័រ www.businessregistration.moc.gov.kh។ ប្រសិនបើពិនិត្យឃើញថា មានភាពមិនត្រឹមត្រូវ ឬមានព័ត៌មានថ្មីដែលត្រូវធ្វើបច្ចុប្បន្នភាព នោះក្រុមហ៊ុនចាំបាច់ត្រូវធ្វើការកែប្រែព័ត៌មាននោះឱ្យបានត្រឹមត្រូវឡើងវិញ។
ជាទូទៅ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំមានរយៈពេល ០៣ ខែ ដោយគិតចាប់ពីថ្ងៃខែចុះបញ្ជីរបស់ក្រុមហ៊ុន នៃឆ្នាំនីមួយៗ រៀងរាល់ឆ្នាំ ហើយកាលបរិច្ឆេទនៃការតម្រូវឱ្យតម្កល់ប្រតិវេទន៍នេះ ក៏នឹងមានការជូនដំណឹងរំលឹកដោយស្វ័យប្រវត្តិពីក្រសួង តាមរយៈសារអេឡិចត្រូនិច (E-mail) ទៅកាន់អាសយដ្ឋានសារអេឡិចត្រូនិច (E-mail Address) របស់ក្រុមហ៊ុននីមួយៗចំនួន ៤ ដង គឺលើកទី១ ជូនដំណឹងមុនកាលបរិច្ឆេទចាប់ផ្ដើមតម្កល់ប្រតិវេទន៍មួយខែ និងលើកទី២ ដល់ទី៤ ជូនដំណឹងនៅរៀងរាល់ ៣០ ថ្ងៃម្ដង នៅក្នុងអំឡុងពេល ៣ ខែ ដែលតម្រូវឱ្យតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដូចមានបញ្ជាក់ខាងលើ។ សូមបញ្ជាក់ដែរថា អាសយដ្ឋានសារអេឡិចត្រូនិចដែលនឹងត្រូវទទួលបានការរំលឹកពីក្រសួង គឺជាអាសយដ្ឋានសារអេឡិចត្រូនិច ដែលក្រុមហ៊ុនបានផ្ដល់ឱ្យក្រសួងនៅពេលចុះបញ្ជីដំបូង ដូចនេះប្រសិនបើក្រុមហ៊ុនផ្ដល់ឱ្យមិនបានត្រឹមត្រូវ ឬមិនច្បាស់លាស់ ឬមានកំហុសក្នុងការគ្រប់គ្រង នោះក្រុមហ៊ុនត្រូវទទួលខុសត្រូវ ចំពោះការខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។
ចំពោះព័ត៌មាន និងសំណុំឯកសារតម្កល់ប្រតិវេទន៍ ដែលត្រូវបញ្ចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្មមានដូចជា៖
* លេខអត្តសញ្ញាណសារពើពន្ធ
* កាលបរិច្ឆេទចុះបញ្ជីសារពើពន្ធ
* ពន្ធប៉ាតង់នៃឆ្នាំដែលត្រូវប្រកាសប្រតិវេទន៍ សម្រាប់រាល់សកម្មភាពអាជីវកម្មដែលកំពុងមានប្រតិបត្តិការ
* ចំនួនបុគ្គលិក និងឯកសារភ្ជាប់ ស្ដីពីតួនាទីរបស់និយោជិក
* អ៉ីមែល និងលេខទូរស័ព្ទក្រុមហ៊ុន ដែលកំពុងប្រើប្រាស់
* របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីម្ចាស់ភាគហ៊ុន (សម្រាប់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត)។
ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តម្រូវឱ្យបង់កម្រៃសេវាសាធារណៈចំនួន ៨០.០០០ (ប្រាំបីម៉ឺន) រៀល ហើយក្នុងករណីក្រុមហ៊ុនមានបញ្ហាណាមួយ ដែលមិនអាចធ្វើការតម្កល់ប្រតិវេទន៍តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មបានទេ ក្រុមហ៊ុនក៏អាចធ្វើសំណើសុំតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយផ្ទាល់ទៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ដោយត្រូវធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលមិនអាចតម្កល់ប្រតិវេទន៍តាមប្រព័ន្ធស្វ័យប្រវត្តិកម្មបាន ប៉ុន្តែត្រូវឆ្លងកាត់ការពិនិត្យ និងទទួលការយល់ព្រមពីមន្រ្តីក្រសួងពាណិជ្ជកម្ម។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនណាមួយខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមកាលកំណត់ទេ ក្រុមហ៊ុននោះនឹងត្រូវទទួលពិន័យជាប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល ដូចមានកំណត់នៅក្នុង ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។
សរុបមក ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុននីមួយៗដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្សេងៗដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន ទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មជារៀងរាល់ឆ្នាំ។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺជាកាតព្វកិច្ចតាមផ្លូវច្បាប់មួយដែលក្រុមហ៊ុនទាំងអស់ត្រូវតែធ្វើជាចាំបាច់ និងទៀងទាត់ ដើម្បីជូនដំណឹងអំពីព័ត៌មាន ទិន្នន័យ ក៏ដូចជាស្ថានភាពចុងក្រោយរបស់ក្រុមហ៊ុន ទៅក្រសួងពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងឱ្យបានច្បាស់លាស់។ ម៉្យាងវិញទៀត ប្រសិនបើខកខានមិនបានបំពេញកាតព្វកិច្ចនេះទេ ក្រុមហ៊ុននីមួយៗ ត្រូវប្រឈមនឹងការពិន័យពីក្រសួងផងដែរ៕
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុក ផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.