(មេឆេស្ទើ)៖ ក្រុមស្ត្រីនិយមមួយក្រុមបានលើកបដាតាមរយៈការបញ្ជាយន្តហោះដ្រូន ក្នុងគោលដៅគាំទ្រលោកស្រី Kathryn Mayorga ដែលជាអតីតគ្រូបង្រៀនម្នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា Cristiano Ronaldo បានរំលោភបំពាននាងកាលពីឆ្នាំ២០០៩។
បដាខាងលើត្រូវបង្ហោះឡើងអំឡុងពេលក្រុមបិសាចក្រហម Manchester United យកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល ៤-១ នារាត្រីថ្ងៃសៅរ៍នៅកីឡដ្ឋាន Old Trafford នៃក្របខណ្្ឌលីគកំពូលអង់គ្លេស Premier League។
យោងតាមការផ្សាយដោយសារព័ត៌មាន Marca នៅថ្ងៃអាទិត្យនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងសកម្មភាពទាញយកប្រយោជន៍ ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំក្រោយចូលរួមជាមួយក្លិបបិសាចក្រហមជាលើកទីពីរនោះផ្ទាំងបដាបានហោះពីលើកីឡដ្ឋាន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជនពាក់ព័ន្ធការចោទប្រកាន់ករណីរំលោភ»។
Mayorga បានចោទប្រកាន់តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ ពីបទរំលោភបំពានផ្លូវភេទក្នុងទីក្រុង Las Vegas បន្ទាប់ពីការជួបទល់មុខគ្នា ក្នុងបន្ទប់សណ្ឋាគារមួយនាឆ្នាំ២០០៩។
ចំណែក Ronaldo បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ ខណៈ Mayorga នៅតែទាមទារសំណងចំនួន ៦៥លានអឺរ៉ូ ជុំវិញការទាមទាររបស់នាង៕