(សៅប៉ូឡូ)៖ ខ្សែការពារជើងចាស់ កីឡាករ Dani Alves បានចែកផ្លូវគ្នាជាមួយក្លិប Sao Paulo ហើយ ដោយសារមិនបើកប្រាក់ឈ្នួលឲ្យ, នេះបើតាមការបញ្ជាក់ ពីក្លិបរបស់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយលើប្រព័ន្ធទំនាក់ទំនងសង្គម, Sao Paulo បានឲ្យដឹងថា កីឡាករវ័យ៣៨ឆ្នាំនេះ បានបដិសេធវិលត្រលប់ទៅហ្វឹកហាត់វិញ បន្ទាប់ពីលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះក្នុងលទ្ធផល២-០ លើក្រុមប៉េរូ ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃព្រហស្បតិ៍។
«យើងបានទទួលដំណឹងពីភ្នាក់ងាររបស់គាត់ ថា Daniel មិនត្រឡប់មកវិញនោះទេ រហូតដល់មានការសងបំណុល ដែលក្លិប Sao Paulo មានជាមួយកីឡាករ», នេះបើតាមសម្តីប្រធានផ្នែលបាល់ទាត់ របស់ក្លិប Sao Paulo លោក Carlos Belmonte បានឲ្យដឹង។
«Sao Paulo បានទទួលស្គាល់បំណុលនោះ ហើយកាលពីសប្តាហ៍មុន យើងបានធ្វើសំណើ ដើម្បីព្យាយាមនិងកែតម្រូវវា។ សំណើនេះ មិនត្រូវបានទទួលដោយតំណាង របស់កីឡាករឡើយ ហើយការចរចានឹងបន្ត»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់, Sao Paulo ជំពាក់បំណុលកីឡាករ Alves ជាង២លានដុល្លារអាមេរិក។
ខ្សែការពារផ្នែកខាងស្តាំរូបនេះ បានចុះកិច្ចសន្យាជាមួយក្លិប លេងនៅលីគ Serie A របស់ប្រេស៊ីល កាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីលេង១៧ឆ្នាំនៅអឺរ៉ុប ដែលក្នុងនោះបានលេងនៅក្លិប Sevilla, Barcelona, Juventus និងក្លិប Paris Saint-Germain ផងដែរ៕