(មេនឆេស្ទើ)៖ សំបុត្រចូលទស្សនាការលេងលើកដំបូងរបស់ Cristiano Ronaldo ពេលក្លិប Manchester United ប៉ះ Newcastle United មានតម្លៃជិត ៣ពាន់ដុល្លារអាមេរិកឯណោះ (ឬ ២,០៤៩ផោន) សម្រាប់អ្នកលក់បន្តដៃទី៣។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The Athletic នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

កីឡាករដែលមានវ័យ ៣៦ឆ្នាំបានត្រឡប់មក Man United វិញ ក្រោយចាកចេញពី Juventus កាលពីខែមុន លើកិច្ចសន្យា ២ឆ្នាំ។ បន្ទាប់ពីដាក់ខ្លួនដោយឡែក ម្ចាស់បាល់មាស Ballon d’Or ចំនួន ៥លើក បានហ្វឹកហាត់ជាមួយក្លិបនៅក្នុងសប្តាហ៍នេះ ហើយត្រូវបានរំពឹងទុកថា នឹងបង្ហាញខ្លួនឲ្យ Man Utd ពេលប៉ះ Newcastle នៅរាត្រីថ្ងៃសៅរ៍នេះ វេលាម៉ោង ៩៖០០ (ម៉ោងនៅកម្ពុជា) ក្នុងក្របខណ្ឌ Premier League។

ជាមួយនឹងការរង់ចាំយ៉ាងអន្ទះសាររបស់អ្នកគាំទ្រ សំបុត្រសម្រាប់ការប្រកួតនៅទឹកដី Old Trafford មានការលក់ដាច់យ៉ាងខ្លាំង។ សំបុត្រ ដែលត្រូវបានបែងចែកជាផ្លូវការសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ត្រូវបានលក់អស់ ប៉ុន្តែគេហទំព័រលក់សំបុត្របន្តបានដាក់តម្លៃកាន់តែខ្ពស់។

សារព័ត៌មាន The Athletic បញ្ជាក់ថា «គិតត្រឹមថ្ងៃព្រហស្បតិ៍ អ្នកលក់សំបុត្រតាមអ៉ីនធឺណេត លក់សំបុត្របាល់ទាត់ផ្ទាល់មាន ១៥៩សំបុត្រ ដែលអាចរកបានជាមួយតម្លៃចាប់ពី ២៩៩ផោន ដល់ ៧២២.៧១ផោន។ ទន្ទឹមនឹងនេះសំបុត្រអាចរកបាននៅគេហទំព័រលក់បន្តមួយទៀតគឺ Viagogo ក្នុងតម្លៃ ២.០៤៩ផោន»

តាមការគ្រោងទុកនៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ វេលាម៉ោង ៩៖០០ (ម៉ោងនៅកម្ពុជា) គឺជាការបង្ហាញខ្លួនលើកដំបូងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លិបបិសាចក្រហម Manchester United ពេលប៉ះ Newcastle United ក្នុងក្របខណ្ឌកំពូលអង់គ្លេស PL។

លោក Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហម បានបញ្ជាក់ថា Ronaldo នឹងបង្ហាញខ្លួនរបស់គាត់សម្រាប់ក្លឹប ពេលប្រកួតទល់នឹង Newcastle United នៅថ្ងៃសៅរ៍នេះ ប៉ុន្តែលោកមិនបានបង្ហាញថា តើខ្សែប្រយុទ្ធរូបនេះនឹងចូលលេងក្នុងជម្រើស ១១នាក់ដំបូង របស់គាត់ភ្លាមៗនោះទេ៕