(មេនឆើស្ទើ)៖ នៅយប់ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះវេលាម៉ោង ៩៖០០ (ម៉ោងនៅកម្ពុជា) គឺជាការបង្ហាញខ្លួនលើកដំបូងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លិបបិសាចក្រហម Manchester United ពេលប៉ះ Newcastle United ក្នុងក្របខណ្ឌកំពូលអង់គ្លេស PL។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Metro។

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហមបានបញ្ជាក់ថា Ronaldo នឹងបង្ហាញខ្លួនរបស់គាត់សម្រាប់ក្លឹបពេលប្រកួតទល់នឹង Newcastle United នៅថ្ងៃសៅរ៍នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើខ្សែប្រយុទ្ធរូបនេះនឹងចូលលេងក្នុងជម្រើស ១១នាក់ដំបូង របស់គាត់ភ្លាមៗនោះទេ។

ពាក់ព័ន្ធនឹងសំណួរថា តើកីឡាករ Ronaldo ឬ Bruno Fernandes នឹងទាត់បាល់ពិន័យ ១១ម៉ែត្រនោះ លោក Solskjaer បានបង្ហើបថា គាត់បាននិយាយទៅកាន់អ្នកទាំង២ រួចហើយចំពោះបញ្ហានេះ។ ប៉ុន្តែ លោកក៏មិនលាតត្រដាងថា នរណានឹងកាន់កាប់តួនាទីនេះដែរ។

លោក Solskjaer បានថ្លែងថា «យើងមានកីឡាករពីរនាក់នៅទីនេះ ដែលខ្ញុំជឿជាក់ពេញពោះ ដើម្បីឲ្យទាល់បាល់ ១១ម៉ែត្រ ហើយនេះជាតួនាទីដ៏ល្អ។ ពួកគេបានដឹងហើយ ពីអ្វីដែលយើងបាននិយាយគ្នា។ នរណានឹងទាល់បាល់ ១១ម៉ែត្រនោះ វាជាការសម្រេចចិត្តរបស់ខ្ញុំ»