(ភ្នំពេញ)៖ ការប្រកួតសប្ដាហ៍ចុងក្រោយ ក្នុងជុំទី១ នៃលីគកំពូលកម្ពុជាបានបញ្ចប់ការប្រកួត ៣គូហើយ ដោយក្រុមកំពូលតារាងវិសាខា បានបំបាក់ក្រុមការពារតំណែងជើងឯកបឹងកេត ៥-១ ដើម្បីរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួន គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ បានបន្ថែម ៣ពិន្ទុរៀងខ្លួន ក្រោយយកឈ្នះគូប្រជែងយ៉ាងចាស់ដៃដូចគ្នា។
ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ វិសាខា ធ្វើបានយ៉ាងល្អ ដោយបានស៊ុតបំប៉ោងសំណាញ់ទីបឹងកេត ៥គ្រាប់ជាបន្ដបន្ទាប់ ដោយខ្សែប្រយុទ្ធកាណាដា Marcus Haber ២គ្រាប់ និងមិត្តរួមក្រុម កែន ច័ន្ទសុភ័ក្ដ្រ, ច្រឹង ពលរដ្ឋ និង Ajayi Opeyemi Korede មុនត្រូវបានក្រុមម្ចាស់ផ្ទះវាយបកបាន ១គ្រាប់វិញនៅនាទី៧១ ដោយកីឡាករ Gopane នៅនាទី៧១ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចប់ការប្រកួត។
តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមសេះជំទង់វិសាខា បន្ដឈរកំពូលតារាង ដោយមាន ២៨ពិន្ទុក្នុងដៃជាមួយកំណត់ត្រាមិនទាន់ស្គាល់ម្ដងឡើយ បន្ទាប់ពីប្រកួតបាន ១២លើក ឈ្នះ៨ និងស្មើ ៤ប្រកួត ខណៈក្រុមបឹងកេតបានធ្លាក់ទៅឈរលេខ៤ បណ្ដោះអាសន្ន ដោយរក្សា ២៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតស្មើគ្នា ឈ្នះ៨ និងចាញ់ ៤ប្រកួត។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះនគរបាលជាតិក្នុងលទ្ធផល ៥-០ នៅទីលាន 7NG។ ៥គ្រាប់ជួយឲ្យក្រុមលោក Conor Nestor ទទួលបាន ៣ពិន្ទុបន្ថែមនេះធ្វើសម្រេចដោយកីឡាករ Mika ២គ្រាប់, កីឡាករ Privat ២គ្រាប់ និងកីឡាករ ប្រាក់ មុន្នីឧត្តម ១គ្រាប់។ ជ័យជម្នះនេះធ្វើឲ្យព្រះខ័នរាជស្វាយរៀង មាន ២៥ពិន្ទុតាមស្មើក្រុមភ្នំពេញក្រោនបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់ ៣។
ចំណែកក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៥-២ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ។ ជំនួបដ៏ស្វិតស្វាញនេះ វគ្គទី១ គិរីវង់ បាននាំមុខក្រុមភ្ញៀវ ១គ្រាប់មុនដែលធ្វើសម្រេចដោយកីឡាករ ដាវ នីម។ ប៉ុន្ដែចូលវគ្គទី២ ណាហ្គាវើលដ៏ បានព្យាយាមដាក់សម្ពាធ រហូតរកបាន ៥គ្រាប់វិញ ដោយកីឡាករ Leuca Petro ២គ្រាប់ និង Macio ៣គ្រាប់។ រីឯគិរីវង់ បន្ថែមបានតែ ១គ្រាប់ប៉ុណ្ណោះ នៅវគ្គទី២ ដោយកីឡាករ Tadin។
ការបន្ថែម ៣ពិន្ទុនេះដែរ បានធ្វើឲ្យក្រុមលោក មាស ចាន់ណា រំកិលមកឈរលេខ៥ បណ្ដោះអាសន្ន បន្ទាប់ពីប្រកួត ១១លើក ឈ្នះ៦ ស្មើ៤ និងចាញ់១ រកបាន ២២ពិន្ទុ។ រីឯការបរាជ័យរបស់ក្រុមគិរីវង់ បានផ្ដល់ឱកាសឲ្យគូប្រជែង Top-8 គឺក្រុមអាស៊ីអឺរ៉ុប កាន់តែមានសង្ឃឹម ដ្បិតបច្ចុប្បន្នគិរីវង់ កំពុងឈរលេខ៨ រកបាន ១២ពិន្ទុ តាមពីក្រោយដោយក្រុមអាស៊ីអឺរ៉ុប ឈរលេខ៩ រកបាន ១០ពិន្ទុ ហើយក្រុមទាំងពីរ នៅសល់ ១ប្រកួតក្នុងដៃដូចគ្នា៕