(ភ្នំពេញ)៖ ក្រុមខ្លាំងបឹងកេត នឹងត្រូវបើកទ្វារទទួលក្រុមកំពូលតារាង និងទាន់ស្គាល់ចាញ់វិសាខា នាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែ ក្នុងជំនួបបញ្ចប់ជុំទី១ របស់ខ្លួននៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។ ចាំមើលតើក្រុមនាគខៀវបឹងកេត អាចបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ក្រុមសេះជំទង់វិសាខាបានទេ?
លោក គឹម ភក្ដី គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុកនេះគឺជាជំនួបមួយដ៏សំខាន់ ដែលទាមទារឲ្យក្រុមខ្លួនត្រូវធ្វើការងារខ្លាំង ដើម្បីក្ដោបឱកាសប្រជែងពានជាថ្មី។ តែទន្ទឹមជាមួយគ្នា លោកក៏ហាក់មានក្ដីបារម្ភខ្លះដែរ បន្ទាប់ពីកីឡាករសំខាន់មួយចំនួន បានចាកចេញក្នុងរដូវកាលដោះដូរកីឡាករកាលពីថ្មីៗ ពិសេសការផ្ទេរខ្សែការពារដ៏រឹងមាំ ទេស សម្បត្តិ ទៅកាន់ក្លិបគូប្រជែងវិសាខាតែម្ដង។
គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះបានបញ្ជាក់ថា «នេះជាការប្រកួតសំខាន់ ដែលយើងត្រូវធ្វើការខ្លាំងក្នុងទឹកដីរបស់យើង ទោះយើងមានការផ្លាស់ប្តូរកីឡាករមួយចំនួន។ វាពិតណាស់មានការលំបាកខ្លះ (ក្រោយផ្លាស់ប្ដូរកីឡាករមួយចំនួន) ប៉ុន្តែកីឡាករផ្សេងៗទៀតពិតជាចង់បង្ហាញការលេង និងអាចរាប់រងតួនាទីពួកគាត់បានល្អក្នុងការប្រកួតនេះ។ យើងតែងតែជឿជាក់លើសមត្ថភាពរបស់ពួកគេ»។
ពាក់ព័ន្ធនឹងការប្រកួតបញ្ចប់ជុំទី១ ដើម្បីប្រជែងពិន្ទុ និងពង្រឹងឱកាសឈានទៅដណ្ដើមជើងឯកលីគកំពូញលកម្ពុជា នៅជុំទី២ ជាមួយរូបមន្ដថ្មី Top-8 នេះ លោក គឹម ភក្ដី បានសង្កត់ធ្ងន់បន្ថែមថា «វាច្បាស់ណាស់ថា យើងនឹងប្រឹងប្រែង ដើម្បីមានឱកាសប្រកួតប្រជែងពានរង្វាន់ឆ្នាំនេះ ប៉ុន្តែទោះយ៉ាងណា យើងរង់ចាំមេីលលទ្ធផលពេលចប់ការប្រកួតទាំងអស់គ្នា»។
ដោយឡែកខ្សែបម្រើ-ការពារវិសាខា ធារី ចន្ថាប៊ីន បានអះអាងថា ប៉ះបឹងកេតរសៀលនេះ ពិតជាសំខាន់ ហើយក្រុមខ្លួនត្រូវការជ័យជម្នះដូចគ្នា ដើម្បីរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ផង និងរក្សាឱកាសប្រជែងពានផង ដ្បិតការប្រកួតនៅជុំទី២ មិនមានការប្រកួតពេញដូចជុំទី១ ឡើយ។
កីឡាករខ្មែរ-បារាំងរូបនេះនិយាយថា «ពួកយើង នឹងផ្ដោតលើគ្រប់ការប្រកួត ពិសេសការប្រកួតថ្ងៃសៅរ៍នេះ (ប៉ះបឹងកេត) ដើម្បីរក្សាកំណត់ត្រាល្អរបស់ពួកយើងផង និងរក្សាឱកាសប្រជែងពានផង។ ខ្ញុំដឹងថា កីឡាករយើងប្រមូលអារម្មណ៍បានល្អខ្លាំងមែនទែន ដើម្បីដណ្ដើមជោគជ័យថ្ងៃសៅរ៍នេះ សម្រាប់អ្នកគាំទ្ររបស់យើង ក្លិបយើង និងដើម្បីគ្រួសាបាល់ទាត់វិសាខាទាំងមូល»។
គួរដឹងថា បឹងកេត បន្ទាប់ពីរងបរាជ័យ ៣ប្រកួតជាប់គ្នា កាលពីដើមរដូវកាល ពួកគេបានឈ្នះ ៨ប្រកួតផ្ទួនៗវិញ ដែលនាំឲ្យក្រុមនាគខៀវមាន ២៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងវិសាខាតែ ១ពិន្ទុប៉ុណ្ណោះ ក្រោយវិសាខា ប្រកួតបាន ១១លើកដូចគ្នា ឈ្នះ ៧ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់ម្ដងឡើយ។ ក្រឡេកទៅមើលប្រវត្តិជួបគ្នា ៦លើកក្នុងលីគវិញ គេឃើញបឹងកេត មានប្រៀបលើវិសាខា ដោយធ្លាប់ឈ្នះ ៣ដង ស្មើ ២ដង និងចាញ់ម្ដង មានន័យថា វិសាខាធ្លាប់ឈ្នះបឹងកេតតែម្ដងប៉ុណ្ណោះ៕