(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននិយាយថា គាត់មកក្លិបបិសាចក្រហម Manchester United ម្តងទៀតនេះ មិនមែនដើម្បីលម្ហែកាយទេ គឺមកដើម្បីប្រកួតយកពានរង្វាន់ឲ្យក្លិប។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ESPN នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។
ពាក់ព័ន្ធការវិលត្រឡប់មកកីឡដ្ឋាន Old Trafford នេះដែរ Ronaldo សង្ឃឹមថា នឹងបង្ហាញខ្លួនដ៏លេចធ្លោម្តងទៀតរហូតដល់ទៅ ៣ ឬ ៤ឆ្នាំខាងមុខ។ កីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិព័រទុយហ្កាល់រូបនេះបានចំណាយពេល ៦រដូវកាលនៅក្លិបបិសាចក្រហមពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ដោយបានឈ្នះពានលំដាប់កំពូលចំនួន៨ ហើយក៏ត្រឡប់មកវិញ ក្រោយចាកចេញពីក្លិបសេះបង្កង់ Juventus កាលពីខែមុនលើកិច្ចសន្យា ២ឆ្នាំ។
បន្ទាប់ពីកាន់កាប់អាវលេខ៧ សម្រាប់ក្លិបដ៏ល្បីនៅក្របខណ្ឌអង់គ្លេស Premier League នោះ Ronaldo ក៏សង្ឃឹមថា នឹងឈានដល់ចំណុចកំពូលម្តងទៀត ដូចអ្វីដែលគាត់បានផ្តល់ជូនក្លិបកាលពីមុន។ ការអះអាងរបស់គាត់ បង្ហាញឡើងនៅលើគេហទំព័រ Man Utd បន្ទាប់ពីចុះហត្ថលេខាជាផ្លូវការឲ្យក្លិប។
ម្ចាស់ពានបាល់មាស ៥លើកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមកទីនេះ មិនមែនដើម្បីលម្ហែកាយទេ។ ប៉ុន្តែខ្ញុំមកទីនេះ ដើម្បីឈ្នះពានម្តងទៀត។ ខ្ញុំអាចធ្វើបានជាមួយក្រុមរបស់ខ្ញុំ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ។ វាជាឱកាសល្អសម្រាប់ខ្ញុំ និងសម្រាប់អ្នកគាំទ្រ ដើម្បីឈានមួយជំហានទៀតទៅមុខ។ ខ្ញុំគិតថា ខ្ញុំអាចបន្តលេងបានរហូតដល់ ៣ ឬ ៤ឆ្នាំទៀត»។
កីឡាករដែលរកគ្រាប់បាល់ឲ្យជម្រើសជាតិច្រើនជាងគេលើពិភពលោក អាចនឹងបង្ហាញខ្លួនបានពេលក្រុមបិសាចក្រហម ប៉ះជាមួយ Newcastle United នៅក្របខណ្ឌកំពូលអង់គ្លេស ក្នុងនាមជាម្ចាស់ទឹកដីនាថ្ងៃសៅរ៍ស្អែកនេះ៕