(ភ្នំពេញ)៖ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំ ពិធីបើកសម្ពោធសាកល្បង (Soft Opening) ក្រោមទុនវិនិយោគ ១០០លានដុល្លារ ស្ថិតនៅអាគារ The Gate way ជាន់ផ្ទាល់ដី និងជាន់ទី៣៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានថ្លែងថា ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ជាធនាគារបង្កើតឡើង ដោយអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក រួមជាមួយនឹងការចូលរួម ពីបុគ្គលិកជំនាញជាន់ខ្ពស់រួមគ្នា ដើម្បីបោះជំហានចូលក្នុងទីផ្សារនាពេលនេះ។

លោកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ការសម្រេចចិត្ត ក្នុងការបើកដំណើរការ នូវអាជីវកម្មនានាក្នុងអំឡុងពេលនេះ គឺជាការសម្រេចចិត្តមួយដ៏លំបាក ប៉ុន្តែសម្រាប់ធនាគារ អាល់ហ្វា គឺមានជំនឿចិត្តយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយ និងការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជា បានក្លាយជាទីតាំងសក្តានុពលសម្រាប់ការវិនិយោគ ពីសំណាក់អ្នកវិនិយោគមកពីគ្រប់ទិសទី។

ជាមួយគ្នានោះ លោកឧញ៉ា លី ឃុនថៃ បានថ្លែងទៀតថា លោកក៏មិនអាចបំភ្លេចបាន នូវការចូលរួមជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ពីធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាល នៃប្រទេស ដោយបានអនុម័តផ្តល់អាជ្ញាបណ្ណផ្លូវការ ក៏ដូចជាផ្តល់ការគ្រប់គ្រង យ៉ាងយកចិត្តទុកដាក់ខ្ពស់ ចំពោះធនាគារពាណិជ្ជ អាល់ហ្វា។

សូមបញ្ជាក់ថា ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បាននាំយកនូវបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការអតិថិជន នាសម័យកាលដ៏ជឿនលឿននេះ ហើយការវិវត្តន៍ ចក្ខុវិស័យ គឺផ្ដល់ជូនអតិថិជននូវសេវាកម្ម តែមានគុណភាពខ្ពស់ និងបទពិសោធន៍រួសរាយរាក់ទាក់ ដើម្បីក្លាយជាធនាគារពាណិជ្ជលំដាប់អន្តជាតិ។

ធនាគារពាណិជ្ជ អាល់ហ្វា ម.ក និងមានផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើន សម្បូរបែបរួមមាន៖ សេវាឥណទាន សេវាបញ្ញើសន្សំ ប័ណ្ណធនាគារ ហើយធនាគារ ក៏កំពុងរៀបចំ ផ្ដល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុទំនើប ដូចជា៖

* សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត (E-Banking)
* សេវាធនាគារស័្វយប្រវត្តិ និងសេវាទូទាត់ប្រាក់រហ័សជាដើម ប្រកបដោយប្រសិទ្ធភាពមានភាពងាយស្រួលភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។

បន្ថែមពីនោះទៀត ធនាគារពាណិជ្ជ អាល់ហ្វា ម.ក គ្រោងនឹងពង្រីកសាខាបន្ថែមទៀត ទៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីបង្ខិតសេវាកាន់តែនៅជិត អតិថិជនគ្រប់ទីកន្លែង៕