(ភ្នំពេញ)៖ ដើម្បីរួមចំណែកទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ដែលកំពុងរីករាលនៅកម្ពុជា ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេនៅកម្ពុជា បានបរិច្ចាគសម្ភារចំបាច់មួយចំនួន ដល់រដ្ឋបាលខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញរួមមាន៖ ខណ្ឌ៧មករា, ខណ្ឌចំការមន និងខណ្ឌដូនពេញ។ សម្ភារទាំងនោះរួមមាន៖ ម៉ាសការពារចំនួន៥០០ប្រអប់, អាល់កុលចំនួន១០កាន និងឧបករណ៍ធ្វើតេស្តជំងឺ (Rapid Test) ចំនួន២០ប្រអប់ សម្រាប់រដ្ឋបាលខណ្ឌនីមួយៗ។

លោកស្រី អ៊ុ ចិន្តាភក្តី នាយកធនធានមនុស្សធនាគារ CIMB បានឲ្យដឹងថា «ធនាគារ CIMB ជាគ្រឹះស្ថានឯកជនមួយ តែងតែយកចិត្តទុកដាក់ដល់សហគមន៍ដែលខ្លួនកំពុងប្រកបអាជីវកម្ម ជាមួយនឹងកម្មវិធីសប្បុរសធម៌ជាច្រើន នៅគ្រប់វិស័យក្នុងប្រទេសកម្ពុជា ហើយធនាគារបាននិងកំពុងបន្តប្តេជ្ញាចិត្ត និងបេសកកម្មរបស់ខ្លួន តាំងពីដើមរៀងមក ក្នុងការរួមចំណែកទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ជាជំងឺឆ្លងសាកល និងកំពុងញុំាញី ដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា»

លោកស្រីបន្ថែមថា «ដូច្នេះយើងពិតជាមានមោទនភាព ដែលបានបន្តឧបត្ថម្ភសម្ភារសំខាន់ៗ ដល់រដ្ឋបាលខណ្ឌចំនួន៣ទៀតនេះ។ មិនតែប៉ុណ្ណោះធនាគារ CIMB នឹងបន្តស្វែងរកលទ្ធភាព ដើម្បីជួយដល់ការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩បន្ថែមទៀត ក្នុងរាជធានីភ្នំពេញក៏ដូចជាបណ្តាខេត្តក្រុងដទៃទៀត»

សូមបញ្ជាក់ថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១០ បច្ចុប្បន្នធនាគារមានសាខាចំនួន១៤ តាមបណ្តារាជធានី និងខេត្តសំខាន់ៗក្នុងប្រទេស។ ជាមួយគ្នានេះ ធនាគារ CIMB បានរួមចំណែកជាថវិកាដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្ត ឲ្យបុគ្គលិកទទួលសាំងបង្ការជំងឺកូវីដ១៩រួចរាល់ និងចូលរួមអនុវត្តវិធានការ ៣កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ជាងមួយទសវត្សរ៍នេះធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗដូចជា វិស័យអប់រំ ដោយបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស, វិស័យសុខាភិបាលបានបរិច្ចាគឈាម និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម, លើវិស័យសង្គមកិច្ចធនាគារបានឧបត្ថម្ភ ដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រសាទបន្ទាយក្តីជាដើម។

សូមជម្រាបថា ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្នធនាគារមានសាខាចំនួន១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយរួមមាន សេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប ជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីរ របស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ ក្នុងនោះមានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។

ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេ ក្នុងតំបន់អាស៊ានជាមួយសាខាជាង៧៤០កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុន របស់ក្រុមហ៊ុនជាង ៦០០ក្នុងតំបន់។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្ម តាមរយៈអង្គភាពចម្បងបី គឺធនាគារ CIMB Bank, ធនាគារវិនិយោគ CIMB Investment Bank និងធនាគារ ស៊ីអាយអិមប៊ី ឥស្លាម CIMB Islamic។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន៩២.៥% ក្នុងធនាគារ Bank CIMB Niaga នៅប្រទេសឥណ្ឌូនេស៊ី និង៩៤.៨% នៅធនាគារ CIMB Thai ក្នុងប្រទេសថៃ។