(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសនឹងរៀបចំមហាព្រឹត្តិការណ៍មួយនៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ដោយនៅក្នុងព្រឹត្តិការណ៍នោះត្រូវបានគេរំពឹងថា Apple នឹងបង្ហាញវត្តមាន iPhone ជំនាន់ថ្មី ឬ iPhone 13 ខណៈដែលនៅពេលនេះ ព័ត៌មានទាក់ទងនឹងពណ៌របស់ iPhone 13 ត្រូវបានបែកធ្លាយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា iPhone 13 នឹងត្រូវប្រកាសបង្ហាញ មាន ៤ម៉ូដែលផ្សេងគ្នា រួមមាន iPhone 13, iPhone 13 mini, iPhone 13 Pro និង iPhone 13 Pro Max ជាមួយនឹងទំហំ Storage ផ្សេងៗគ្នាផងដែរ។

ប្រភពខាងលើបានបញ្ហាថា iPhone 13 mini នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ ៦ផ្សេងគ្នា គឺពណ៌ខ្មៅ ,ពណ៌ខៀវ ,ពណ៌ស្វាយ ,ពណ៌ផ្កាឈូក ,ពណ៌ស និងពណ៌ក្រហម ដោយមានទំហំ Storage ចំនួន 64GB និង 128GB។ ចំណែក iPhone 13 វិញគឺមាន ៦ពណ៌ដូច iPhone 13 min ផងដែរ ប៉ុន្តែមានទំហំ Storage ចំនួន 128GB និង 256GB។

រីឯ iPhone 13 Pro និង iPhone 13 Pro Max វិញមានពណ៌ខ្មៅ , ពណ៌ប្រាក់, ពណ៌មាស និងពណ៌សំរិទ្ធ ខណៈដែល iPhone 13 Pro មាន Storage ទំហំ 128GB និង 256GB ចំណែក iPhone 13 Pro Max មាន 256GB និង 512GB ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍ជាងគេសម្រាប់ iPhone 13 នោះគឺវាមានមុខងារអាចភ្ជាប់ទៅកាន់ផ្ដាយរណបបាន ប៉ុន្តែ មិន ត្រូវបានដាក់ឱ្យប្រើប្រាស់មុខងារនេះជាទូទៅនោះទេ៕