(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយនាឡិកា LED ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍
សម្រាប់ដាក់តាំងនៅច្រមុះជូ្រកសួននាគបាញ់ទឹក ក្រុងបាត់ដំបង ដើម្បីរួមចំណែកលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ ជូនសាធារណៈជន។
ពិធីប្រគល់-ទទួលនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ លោក ផូ នេត្រ នាយក នៃនាយកដ្ឋានផ្នែកលក់។
លោក ងួន រតនៈ បានថ្លែងអរគុណដល់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលបានឧបត្ថម្ភនាឡិកា LED នេះដើម្បីរួមចំណែកលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែ ស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជនយ៉ាងល្អប្រសើរ និងបានស្វាគមន៍ ដែលក្រុមហ៊ុនមានបំណងបើកសាខារបស់ខ្លួនក្នុងខេត្តបាត់ដំបង។
លោក ផូ នេត្រ បានឱ្យដឹងដែរថា កាប្រគល់នេះជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនតែងតែបានធ្វើសកម្មភាពប្រគល់អំណោយមនុស្សធម៌ ជាច្រើនមកហើយ ជាពិសេសក្រុមហ៊ុនក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជន ពេលជួបបញ្ហាហិរញ្ញវត្ថុ ក្នុងអំឡុងពេល ដែលមានការរាតត្បាត នៃជំងឺកូវីដ-១៩ផងដែរ មិនតែប៉ុណ្ណោះក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពារជូនដល់អតិថិជន និងបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (DLHD) ដែលជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជី នៅលើ ទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជន និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈ «អតិថិជនជាចម្បង»។ ក្រុមហ៊ុន ក៏បានចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានា រ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត៕