(ប៊ូណូសអេរីស)៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ស៊ុតបាន ៣គ្រាប់ក្នុងជំនួបយកឈ្នះក្រុមបូលីវី ៣-០ នៃវគ្គជម្រុះពាន FIFA World Cup 2022 តំបន់អាមេរិកឡាទីន ដែលធ្វើឲ្យ Messi បន្ថែមបាន ២គ្រាប់ក្នុងការបំបែកកំណត់ត្រាលោក Pele ដែលជាអតីតខ្សែប្រយុទ្ធប្រេស៊ីល ក្នុងការស៊ុតឲ្យក្រុមជម្រើសជាតិ។ នេះបើតាមប្រភពពី Goal នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនោះ Messi ស៊ុតបាន ៣គ្រាប់ក្នុងជម្រុះពាន World Cup 2022 នៅតំបន់អាមេរិកឡាទីន ទៅលើក្រុមបូលីវី នៃជំនួបទី៨ ដែលមាន ១០ក្រុម ខណៈប្រេស៊ីល ឈរលខ១ រកបាន ២៤ពិន្ទុ ហើយអាហ្សង់ទីន រកបាន ១៨ពិន្ទុដែលអាចមានឱកាលឡើងវគ្គជម្រុះបន្តនៃពាន World Cup 2022 ដ្បិតនៅសល់ការប្រកួត ៩ប្រកួតទៀត។
ក្រោយស៊ុតបាន ៣គ្រាប់នៅពេលនេះ Messi ក៏បំបែកកំណត់ត្រាអតីតតារាជើងស៊ុតសញ្ជាតិប្រេស៊ីល ដែលមានរហ្សនាម «ស្តេចបាល់ទាត់» លោក Pele ដែលលោកបញ្ចប់ត្រឹម ៧៧គ្រាប់ ហើយខ្សែប្រយុទ្ធ Messi ស៊ុតកើនដល់ ៧៩គ្រាប់ដែលជាកំណត់ត្រាថ្មីផ្នែកបុរស តែក៏ស្ថិតនៅក្រោមកំណត់ត្រាផ្នែកនារីដែលកីឡាការិនីប្រេស៊ីល Marta ស៊ុតបាន ១០៩គ្រាប់ និង Cristiane Rozeira ស៊ុតបាន ៩៦គ្រាប់ ដែលស្ថិតក្នុងកំណត់ត្រាស៊ុតឲ្យក្រុមជម្រើសជាតិច្រើនជាងគេនៅតំបន់នេះ៕